(ភ្នំពេញ)៖ បើទោះបីថារយៈពេលប្រមាណ១៤ថ្ងៃចុងក្រោយនេះ កម្ពុជាមិនមានអ្នកកើតជំងឺកូវីដ១៩យ៉ាងក្តី តែសម្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នឱ្យបានខ្ពស់ដដែលមិនត្រូវមើលស្រាលជំងឺនេះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវលើទំព័រ Facebook នៅថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០ បានលើកឡើងថា ទោះបីកម្ពុជា ទទួលបានជំនួយវេជ្ជសាស្ត្រជាច្រើនពីប្រទេសចិន ហើយមកទល់ថ្ងៃទី២៦ ខែមេសា នេះ កម្ពុជាមិនមានអ្នកកើតជំងឺកូវីដ១៩ ថ្មីទៀតក៏ដោយ តែមិនត្រូវមើលស្រាលជំងឺនេះនោះឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវយ៉ាងដូច្នេះ «សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងកូនក្មួយកម្មករ កម្មការនី ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនេះ»។
សម្តេចតេជោបន្តថា «បងប្អូនមិនត្រូវមើលស្រាលចំពោះជំងឺកូវីដ-១៩នេះដាច់ខាត។ ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត»។
ជាមួយគ្នានេះសម្តេចបានក្រើនរំលឹកថា នៅថ្ងៃចុងសប្តាហ៍ នេះ ទោះបីសម្រាកនៅផ្ទះ ឬធ្វើដំណើរទៅទីជិតឆ្ងាយ គឺត្រូវពាក់ម៉ាស ហើយមានទឹកអាល់កុល និងជែលសម្រាប់ដុសលាងសម្អាតដៃកម្ចាត់មេរោគឱ្យបានស្អាតល្អគ្រប់ពេល ដើម្បីចៀសវាងការចម្លងរោគកូរ៉ូណា។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានក្រើនរំលឹកបែបនេះថា «គ្រប់គ្នាត្រូវតែមានអនាម័យល្អក្នុងការរស់នៅ ហើយចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់កុំអោយឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគម និងក្នុងប្រទេសជាតិយើងទាំងមូល»។
សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១២២នាក់ ក្នុងនោះ ១១៧នាក់ បានព្យាបាលជាសះស្បើយ ខណៈអ្នកជំងឺ៥នាក់ ទៀតកំពុងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។
បើទោះបីថា អ្នកជំងឺជាច្រើនត្រូវបានព្យាបាលជា ហើយអ្នកកើតជំងឺថ្មីមិនមានយ៉ាងណាក្តី តែមន្ត្រីជំនាញក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ឱ្យបានខ្ពស់បង្ការកុំឱ្យឆ្លងជំងឺកូវីដ១៩នេះ ដោយអនុវត្តន៍តាមវិធានណែនាំទាំងឡាយរបស់ក្រសួងសុខាភិបាល។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្លាប់បានព្រមានថា ជំងឺកូវីដ១៩ មិនអាចចាត់ទុកថារលាយរលត់ពីកម្ពុជានោះឡើយ ដរាបណាថ្នាំវ៉ាក់សាំងរកមិនទាន់ឃើញទេនោះ។
ពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេះដែរ ត្រូវបានគេមើលឃើញថា ការរីករាលដាលនៅកម្ពុជាមានសភាពមិនស្រួចស្រាវនោះឡើយ បើធៀបនឹងបណ្តាប្រទេសជាច្រើនដែលកំពុងរាតត្បាតពីជំងឺមួយនេះ។
ការរីករាលដាលមិនស្រួចស្រាវ ត្រូវបានគេវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវចំណាត់ការទប់ស្កាត់ទាំងឡាយបានទាន់ពេលវេលា និងប្រកបដោយភាពត្រឹមត្រូវ។
ក្រៅពីការដាក់ចេញនូវចំណាត់ការទប់ស្កាត់ និងបង្ការបានទាន់ពេលវេលា និងប្រកបដោយភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាលហើយនោះ ការអនុវត្តន៍ស្រុះគ្នាលើបទចំណាត់ការ និងវិធានការរបស់រាជរដ្ឋាភិបាល ពីសំណាក់ក្រសួងពាក់ព័ន្ធដឹកនាំដោយក្រសួងសុខាភិបាល មន្ត្រីជំនាញ ព្រមទាំងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋប្រកបដោយទទួលខុសត្រូវខ្ពស់ ជាបច្ច័យដ៏សំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា៕