(ភ្នំពេញ)៖ បុរសម្នាក់ត្រូវជនសង្ស័យមួយក្រុម បានដកកាំភ្លើងបាញ់ចំនួនពីរគ្រាប់ បណ្ដាលឲ្យរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៣យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិត នៅតាមបណ្ដោយផ្លូវលេខ៥១ មុខសូរិយ៉ាម៉ល ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះ ដើរចេញពីផ្ទះមួយកន្លែង មុខសូរិយាម៉លជាមួយជនសង្ស័យមានគ្នាបីនាក់ ហើយមួយសន្ទុះក្រោយមកមិនដឹងថា មានរឿងអ្វីជាមួយគ្នានោះទេ ស្រាប់តែពួកគេបានវាយគ្នាទៅវិញទៅមកជាមួយ រហូតឈានដល់ការដកកាំភ្លើងបាញ់សំដៅជនរងគ្រោះចំនួនពីរគ្រាប់ផ្ទួនៗ បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ បន្ទាន់ដឹកភ្លាមៗនៅឯមន្ទីរពេទ្យផងដែរ។
ចំណែកឯជនដៃដល់ និងបក្ខពួកមានគ្នាបីនាក់ជិះម៉ូតូពីរគ្រឿង (មិនចាំស្លាកលេខ) រត់គេចខ្លួនពីកន្លែងកើតហេតុបាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការសាកសួរអ្នកដែលឃើញហេតុការណ៍ និងប្រមូលសំបកគ្រាប់កាំភ្លើង ដើម្បីកំណត់មុខសញ្ញា ក្នុងការតាមចាប់ខ្លួនយកមកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់ផងដែរ៕