(ព្រះវិហារ)៖ បុរសម្នាក់បានស្លាប់ ក្រោយឡើងបើករថយន្តបំរុងនាំក្រុមគ្រួសារ ត្រឡប់វិលមកផ្ទះវិញ ប៉ុន្តែបែរជាជាន់ហ្គែរ ច្រឡំថាហ្វ្រាំង ធ្វើឲ្យរថយន្តស្ទុះទៅមុខ ធ្លាក់ចូលក្នុងស្រះទឹកលង់ស្លាប់ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
យោងតាមរបាយការណ៍របស់ប៉ុស្តិ៍រដ្ឋបាល ឃុំឈានមុខ បានបញ្ជាក់ថា មុនពេលហេតុការណ៍នេះបានកើតឡើង មានក្រុមគ្រួសារមួយ បានជិះរថយន្តម៉ាក ហៃព្រីត ពាក់ស្លាកលេខភ្នំពេញ 2Q-3877 មកលំហែកាយកម្សាន្ត ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ ក្បែរមាត់ស្រះទឹកមួយកន្លែង ក្នុងនោះក៏មានការរៀបចំហូបចុក នូវគ្រឿងស្រវឹងផងដែរ ។
ក្រោយពីបានផឹកគ្រឿងស្រវឹង បុរសជាប្តីបានឡើងបើករថយន្តរបស់ខ្លួន ក្នុងគោលបំណង នាំប្រពន្ឋ និងកូន វិលត្រឡប់មកផ្ទះវិញ ប៉ុន្តែដោយសាខ្លួនស្រវឹងស្រាខ្លាំងពេក ដាក់ជើងជាន់ហ្គែរ ច្រឡំថាប្រាំង ស្ទុះហោះចូលក្នុងស្រះទឹក តែសំណាងល្អប្រពន្ធ និងកូននៅមិនទាន់បានចូលទៅក្នុងរថយន្តនៅឡើយទេ។ ចំណែកឯបុរសជាប្តីជាប់ នៅក្នុងរថយន្តបណ្តាលអោយឈ្លក់ទឹកស្លាប់ ក្រោយពេលដឹកយកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។
បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងដែរថា ជនរងគ្រោះមានឈ្មោះ ឈួន ឈាន អាយុ ៤៥ឆ្នាំ រស់នៅភូមិភារៈកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យឧទ្ទិសកុសលជូនទៅតាមប្រពៃណីក្រោយពីធ្វើការពិនិត្យកោសល្យវិច្ច័យរួច៕