(ព្យុងយ៉ាង)៖ គីម ជុនអ៊ុន មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (KPRK) បានថ្លែងទៅកាន់ពលរដ្ឋទូទាំងប្រទេសកូរ៉េខាងជើងថា ការបំផ្ទុះសាកល្បងគ្រាប់បែកអ៊ីដ្រូសែននេះ គឺដើម្បីរក្សាស្ថិរភាពក្នុងតំបន់ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦។
«ការធ្វើតេស្ដគ្រាប់បែកអ៊ីដ្រូសែន គឺជាជំហានមួយសម្រាប់ការពារខ្លួនឯង និងដើម្បីរក្សាការពារសន្ដិភាពនៅក្នុងឧបទ្វីបកូរ៉េ ជាពិសេសគឺសន្ដិភាពនៅក្នុងតំបន់ពីគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ ដែលបង្កឡើងដោយចក្រពត្តិ ដែលមានអាមេរិកជាមេដឹកនាំ»។ នេះជាសំដីរបស់លោក គីម ជុនអ៊ុន បានថ្លែងទៅកាន់មន្ត្រីយោធា និងពលរដ្ឋរបស់ខ្លួន។
មេដឹកនាំវ័យក្មេងរូបនេះ បានបញ្ជាក់ដោយសង្កត់ធ្ងន់ទៀតថា «វាជាសិទ្ធិស្របច្បាប់របស់រដ្ឋមានអធិបតេយ្យភាព និងជាសកម្មភាពត្រឹមត្រូវដែលគ្មាននរណាម្នាក់អាចរិះគន់បាន»។
គួរបញ្ជាក់ផងដែរថា ប្រទេសឯកោមួយនេះ បានទទួលរងការស្ដីបន្ទោស និងការទាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសជិតខាង និងពិភពលោក ក្រោយពេលដែលបានបំផ្ទុះសាកល្បងគ្រាប់បែកអ៊ីដ្រូសែន ប៉ុន្តែកូរ៉េខាងជើង មិនខ្វល់ពីមតិរិះគន់ និងការដាក់ទណ្ឌកម្មឡើយ ពោលគឺកាន់តែខ្លាំងដៃឡើងថែមទៀត ខណៈដែលបច្ចុប្បន្នមានមិត្តភក្ដិមិនសូវជិតស្និទ្ធិមួយគឺចិន៕