(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក្រុមសង្គ្រោះ៧១១ របស់កងពលតូចលេខ៧០ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមសាលាហ្វឹកហ្វឺនកងទ័ព ជាលើកទី២ ដើម្បីការពារ និងទប់ស្កាត់ជំងឺ COVID-19។
យុទ្ធនាការនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ ធ្វើឡើងនៅ មជ្ឈមណ្ឌលហ្វឹកហ្វឹនជើងគោក, វិទ្យាស្ថានហ្វឹកហ្វឺនទ័ពជើងជោគ និងសាលាពលទាហានទី៣ ដែលយុទ្ធនាការនេះ ដើម្បីចូលរួមក្នុងការទប់ស្កាត់ជំងឺ COVID-19 ដែលកំពុងតែរីករាលដាល។
សូមជម្រាបថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសពីជោគជ័យនៃការព្យាបាលអ្នកជំងឺ COVID-19 បានជាសះស្បើយថ្មីចំនួន៧នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១១៧នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺ COVID-19 ធ្លាក់ចុះមកត្រឹមចំនួន៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់។
អ្នកជំងឺ COVID-19 ជាសះស្បើយ៧នាក់ ដែលក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះ គឺមាន៥នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ខណៈ២នាក់ទៀត មានម្នាក់នៅមន្ទីរពេទ្យចាក់អង្រែក្រោម និងម្នាក់ទៀតនៅមន្ទីរពេទ្យខេត្តសៀមរាប។
បើទោះបីជាមានអ្នកជំងឺកូវីដ ជាសះស្បើយកាន់តែច្រើន គ្មានអ្នកឆ្លងថ្មី ក៏មិនមែនមានន័យថា កម្ពុជារួចផុតពីគ្រោះថ្នាក់នោះទេ ស្ថានភាពនៅផុយស្រួយនៅឡើយ បើសិនជាបុគ្គលគ្រប់រូបភ្លេចខ្លួន អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល។ លោកស្រី ឱ វណ្ណឌីន ក៏បានព្រមានថា រលកនៃការចម្លងវីរុស COVID-19 ថ្មីអាចនឹងកើតមាននៅប្រទេសកម្ពុជាម្តងទៀត ប្រសិនបើប្រជាពលរដ្ឋខ្វះការប្រុងប្រយ័ត្ន។
លោកស្រីបន្តថា ប្រសិនបើយើងមិនបន្តអនុវត្តវិធានការការងារ ដែលយើងធ្លាប់ដាក់ចេញមក ជាពិសេសបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាទេនោះ យើងអាចនឹងគ្រោះថ្នាក់ដោយហេតុថា «យើងអាចភ្លេចវីរុសកូវីដ១៩ ហើយវីរុសកូវីដ១៩ មិនអាចភ្លេចយើងទេ»៕