(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បានថ្លែងថា ខឿនការពារសុខភាពរបស់ប្រជាជនពីជំងឺកូវីដ១៩ គឺជាគោលនយោបាយគន្លឹះ ក្នុងសមរភូមិប្រយុទ្ធជាមួយជំងឺឆ្លងដ៏កាចសាហាវនេះ ដោយមានការចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការរីករាលដាល។
នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ក្នុងវិស័យការពារជាតិយើង មានខឿនការពារជាតិរបស់ប្រជាជន ដែលផ្សាភ្ជាប់ប្រជាជនជាមួយកងកម្លាំងប្រដាប់អាវុធ។ ពេលនេះក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងកូវីដ-១៩ យើងពិនិត្យឃើញថា យើងមានខឿនការពារសុខភាពសាធារណៈរបស់ប្រជាជនសារជាថ្មីម្តងទៀត តាមរយៈការចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ»។
ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាល បានដាក់វិធានការជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ គ្រប់ភាគីទាំងអស់ មានទាំងព្រះមហាក្សត្រជីវិតតម្កល់លើត្បូង មន្រ្តីរាជការ វិស័យឯកជន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ សុទ្ធតែបានចូលរួមទប់ស្កាត់ និងបរិច្ចាកថវិកាជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ការចូលរួមពីសប្បុរសជនដែលនាំមុខដោយ ព្រះមហាក្សត្រ និងសម្តេចម៉ែ គិតត្រឹមថ្ងៃនេះ ទទួលបាននូវជំនួយចំនួន ១៣,៩៩៨,៦៩៨ដុល្លារ។ សម្រាប់វិភាគទានស្មគ្រ័ចិត្តតាមរយៈការបរិច្ចាគបៀវត្សគិតត្រឹមម៉ោង១៧៖០០ ថ្ងៃទី២៤ មេសា ២០២០ ម្សិលមុិញ មានចំនួន២២០៦១នាក់ ដែលមានទំហំទឹកប្រាក់ ២៨ ៨១៤ ០២៥ ០០០រៀល។សម្រាប់សកម្មភាពឆ្ពោះទៅជួយប្រជាជននៅមូលដ្ឋានរាប់ទាំងកម្មករចំណាកស្រុកមកពីថៃ និងកម្មករមួយចំនួនតូចដែលទៅលេងស្រុកកំណើត ក្នុុងឱកាសចូលឆ្នាំខ្មែរត្រូវបានក្រសួងស្ថាប័ន គ្រូពេទ្យ មន្ត្រីថ្នាក់ខេត្ត ស្រុកខណ្ឌ ឃុំ សង្កាត់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយកចិត្តទុកដាក់ដោះស្រាយបានយ៉ាងល្អ។
សម្តេចបានបន្តថា៖ សម្រាប់ប្រជាជនម្នាក់ៗសុទ្ធតែបានរួមចំណែកទប់ស្កាត់ជំងឺឆ្លងនេះ តាមរយៈការធ្វើអានាម័យផ្ទាល់ខ្លួន និងតាមក្រុមគ្រួសារតាមការណែនាំពីក្រសួងសុខាភិបាល។ បងប្អូនចំណាកស្រុកមកពីថៃ និងកូនក្មួយកម្មករ កម្មការិនី ដែលទៅលេងស្រុក ក្នុងពេលចូលឆ្នាំក៏ត្រូវបានយកចិត្តទុកដាក់ពិនិត្យសុខភាព និងរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីធានាថាមិនមានកូវីដ-១៩ មកតាមខ្លួនចម្លងចូលទៅក្រុមគ្រួសារ ឬរោងចក្រសហគ្រាសនោះឡើយ។
សម្តេចបានបញ្ជាក់ទៀតថា៖ «ពិតមែនតែប្រទេសយើង មិនមានមនុស្សស្លាប់ និងមិនមានការឆ្លងថ្មីក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ និងបានព្យាបាលបានជាសះស្បើយច្រើនរួចមកហើយក្តី តែបញ្ហាប្រឈមនៅធំធេងណាស់ ដែលត្រូវខិតខំបន្ត។ ប្រសិនមិនមានអ្វីជួយដល់អ្នកជំងឺ ឬជួយដល់គ្រូពេទ្យតែសូមកុំនាំជំងឺឱយគ្រូពេទ្យព្យាបាល ដែលជាការបន្ថែមបន្ទុកដល់គ្រូពេទ្យដល់រដ្ឋ និងជាពិសេសដល់ខ្លួនឯង និងក្រុមគ្រួសារព្រោះអ្នកជំងឺនឹងរងគ្រោះមុនគេ»៕