(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នៅចំណុច លើខ្នងប្រលាយស្ថិតក្នុងភូមិ កោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កម្លាំង​ការិយាល័យបទ​ល្មើសគ្រឿងញៀន សហការជាមួយកម្លាំងកងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុកមង្គលបូរី ដឹកនាំដោយលោក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ទទួលលើការងារបទ​ល្មើស​គ្រឿងញៀន បានធ្វើប្រតិបត្តិការបង្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់និងវត្ថុតាងមួយចំនួន។

លោកឧត្តមសេនីយ៍ត្រីឱ បូរិន្ទមេបញ្ជាការអ ហខេត្តបានអោយដឹងថ្ងៃអាទិត្យនេះថា​ ជនសង្ស័យមានឈ្មោះ ហឿន ម៉ានិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ​ដែលមានទីលំនៅបច្ចុប្បន្ន ភូមិ ឬស្សីក្រោក ឃុំ​ឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំនួន២កូនថង់កិប ទម្ងន់២,៣ក្រាម។

​តាមការសួរចម្លើយ​របស់កំលាំងអាវុធហត្ថ ជនសង្ស័យ​បានឆ្លើយសារភាពថារូបគេ​ពិតជាធ្លាប់លក់គ្រឿងញៀនពិតមែន។  បច្ចុប្បន្នកម្លាំងជំនាញ​កំពុងកសាងសំណុំរឿង​បញ្ជូនទៅសាលាដំបូងខេត្ត​ចាត់ការតាមនិតិវិធីច្បាប់៕