(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានលើកឡើងថា ឆ្នាំ២០២០នេះ គឺជាឆ្នាំរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចេញដោយក្រសួងមហាផ្ទៃ ហេតុដូចនេះកងកម្លាំងនគរបាលទាំងអស់ ត្រូវបន្តផ្សព្វផ្សាយអនុក្រឹត្យថ្មីនេះ ក្នុងចន្លោះខែមេសា នៅតាមទីប្រជុំជន និងជនបទឲ្យបានទូលំទូលាយ យល់ដឹងកាន់តែច្បាស់ ដើម្បីប្រជាពលរដ្ឋ ចូលរួមអនុវត្តច្បាប់នេះឲ្យបានគ្រប់ៗគ្នា ជាពិសេសកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូដល់ប្រជាពលរដ្ឋក្នុងការអនុវត្តច្បាប់នេះ ដើម្បីឱ្យមានប្រសិទ្ធខ្ពស់។
លោកស្នងការខេត្តកណ្ដាល បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីបិទវគ្គបំប៉នសមត្ថភាពជំនាញនគរបាលចរាចរណ៍ផ្លូវគោក និងផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩ អ ន ក្រ.ប នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ ដោយមានវត្តមានស្នងការរង, នាយ នាយរងការិយាល័យ, នាយ នាយរងផ្នែក និងមន្ត្រីការិយាល័យចរាចរណ៍, លោកអធិការ, អធិការរងទទួលផែនចរាចរណ៍ និងមន្ត្រីនគរបាលចរាចរណ៍តាមបណ្ដាក្រុងស្រុកជាច្រើនរូបផងដែរ។
បន្ទាប់ពីបញ្ចប់ពិធីបិទវគ្គ និងផ្សព្វផ្សាយអនុក្រឹត្យរយៈពេល ១៥ថ្ងៃរួចមក លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ក៏បានប្រគល់លិខិតថ្លែអំណរគុណដល់គ្រូបង្គោលចំនួន ៩នាក់ និងប្រគល់លិខិត បញ្ជាក់ការសិក្សាដល់សិក្ខាកាមចំនួន ១៥៣នាក់។ ដើម្បីជាការលើកទឹកចិត្តលោកស្នងការ ក៏បានឧប្បត្ថម្ភថវិការដល់គ្រូបង្គោលទាំង ៩នាក់ ក្នុងម្នាក់ៗ ២០ម៉ឺនរៀលផងដែរ៕