(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ លោក ថេង សុថុល អភិបាលខណ្ឌចំការមន រួមជាមួយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌ បានបន្តចុះចែកអំណោយ សប្បុរសធម៌ជូនប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយពីវិធានការស្តីពីការបង្ការជំងឺ COVID-19 តាមខ្នងផ្ទះប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។
លោក ថេង សុថុល បានផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ អំពីសុខទុក្ខប្រជាពលរដ្ឋ និងមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់អត់ស្បៀងស្លាប់នោះទេ គឺត្រូវធ្វើយ៉ាងណាជួយ ប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការភាព ដែលមានទុក្ខលំបាកជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយអ្វីឡើយ។
លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាតដើម្បីចៀសវាង ពីជំងឺនានា ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ជំងឺឆ្លង COVID-19 ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។
វិធានការទាំងនោះ រួមមាន៖
*ទី១៖ ត្រូវលាងដៃ និងសាប៊ូទឹកស្អាត ឬទឹកអាល់កុលឲ្យបានញឹកញាប់
*ទី២៖ នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់មកលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកស្អាត
*ទី៣៖ ត្រូវកាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ
*ទី៤៖ ត្រូវចៀសវាងការប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកមានជំងឺផ្លូវដង្ហើម ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ។
លោកបញ្ជាក់ថា បើមានស្ថានភាពមិនស្រួលក្នុងខ្លួន និងក្រុមគ្រួសារខ្លួនត្រូវទៅទំនាក់ទំនងជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា។
លោក ស៊ុន សិទ្ឋី នាយករដ្ឋបាលខណ្ឌចំការមន បាបញ្ជាក់ថា អំណោយដែលយកមកផ្តល់ជូននាពេលនេះក្នុងមួយគ្រួសាររួមមាន៖ អង្គរ ១បាវ, ទឹកត្រី, ទឹកស៉ីអ៉ីវ, ត្រីខ, ស្ករស, ទឹកដោះគោខាប់ សាប៊ូលាងដៃ និងមីផងដែរ៕