(ភ្នំពេញ)៖ ដើម្បីបង្កើនប្រសិទ្ធភាព និងងាយស្រួលកាន់តែខ្លាំងដល់ប្រជាពលរដ្ឋ ក្នុងការស្វែងរកអន្តរាគមន៍ពីសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ នៅពេលដែលពួកគាត់មានបញ្ហា និងជួបបទល្មើសផ្សេងៗនោះ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត បានបង្ហាញលេខទូរស័ព្ទស្នងការរងនគរបាលប្រចាំខណ្ឌ អធិការនគរបាលទាំង១៤ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥។
មន្រ្តីជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះថា កាន់តែឆាប់រហ័ស កាន់តែងាយស្រួល សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីធ្វើការទំនាក់ទំនង នៅពេលគាត់ជួបបញ្ហាផ្សេងៗនោះ នៅពេលនេះស្នងការដ្ឋាននគរបាល បានបង្ហាញលេខទូរស័ព្ទ លោក លោកស្រី ស្នងការរងទទួលដឹកនាំខណ្ឌទាំង១៤, លោកអធិការនគរបាលខណ្ឌទាំង១៤ និងលេខទូរស័ព្ទលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥។
មន្រ្តីនគរបាលរូបនេះ បានបន្តទៀតថា «ក្រៅពីនោះ ប្រជាពលរដ្ឋក៏អាចចូលខំមិនផ្ទាល់ក្នុង Page ឯកឧត្តម ស ថេត ក៏ដូចជា Page ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រោះមានក្រុមការងារ ព័ត៌មាន និងប្រតិកម្មរហ័ស តាមដានជាប្រចាំ ដើម្បីឆ្លើយតបដោះស្រាយ និងមានវិធានការភ្លាមៗជូនប្រជាពលរដ្ឋ។ ស្នងការនគរបាលរាជធានីភ្នំពេញ ពេញចិត្តនឹងបម្រើប្រជាពលរដ្ឋ ដោយក្តីរីករាយ»៕