(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក មួង ធី អភិបាលស្រុកឱរ៉ាល់ ដើម្បីបន្តធ្វើការផ្សព្វផ្សាយអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ នៃការរីករាលនៃវីរុសកូរ៉ូណាថ្មី (កូវីដ១៩) ដែលជាក្តីបារម្ភរបស់ពិភពលោក ជូនដល់ប្រជាពលរដ្ឋដល់ខ្នងផ្ទះ នៅតាមមូលដ្ឋាន ភូមិ ឃុំ មួយចំនួន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ការផ្សព្វផ្សាយស្តីអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ នៃជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ដែលដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលស្រុកឱរ៉ាល់ រួមនឹងក្រុមការងារគ្រូពេទ្យជាច្រើនរូបសុទ្ធសឹងតែជា សាស្រ្តាវេជ្ជបណ្ឌិតជំនាញៗ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានមានទំនុកចិត្តខ្ពស់។
លោក លេង ផាលី បានអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋានគួរតែលាងដៃឲ្យបានញឹកញាប់ (ជាមួយសាប៊ូ និងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺដែលយើងសង្ស័យ និង ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់, លាងដៃបន្ទាប់ពីមានប៉ះជាមួយទឹករំអិលពីផ្លូវដកដង្ហើម និងរក្សាចម្ងាយច្រើនជាង១ម៉ែត្រពីបុគ្គល ដែលមានរោគសញ្ញាផ្លូវដង្ហើម។
លោកបន្ថែមថា បើទោះបីជាកម្ពុជានាពេលបច្ចុប្បន្នមានការថមថយយ៉ាងខ្លាំង (ជាសះស្បើយ) សម្រាប់អ្នកជំងឺកូវីដ១៩ក្តី សូមបងប្អូនប្រជាពលរដ្ឋគួរតែបន្តការប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួន គ្រប់ពេលវេលា ដើម្បីធ្វើយ៉ាងណាទប់ទល់នឹងស្ថានការណ៍បែបនេះបន្តទៀត។
ការណែនាំ និងការអំពាវនាវរបស់ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នៅពេលនេះគឺដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅតាមសហគមមានសុខភាពល្អ នឹងបន្តដំណើរការសេដ្ឋកិច្ចប្រចាំថ្ងៃ ដែលសមស្របទៅតាមរាជរដ្ឋាភិបាលចង់បាននាពេលបច្ចុប្បន្ន។
ជាមួយគ្នាដែរនោះ ក្រុមការងារទាំងអស់ក៏បានណែនាំ ដល់ប្រជាពលរដ្ឋពីរបៀបនៃការលាងដៃនឹងអាល់កុល ជាមួយនឹងការបង្រៀនពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់នៃការចូលមេរោគក្នុងខ្លួន។ ក្រៅពីនេះក្រុមការងារក៏បានណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋ ឲ្យមានការរស់នៅស្អាតដោយមានអនាម័យល្អ ជាមួយនឹងការគេងស្អាត ហូបស្អាត ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់យល់កាន់តែច្បាស់អំពីការថែទាំសុខភាព ចៀសផុតពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀតផងដែរ។
ក្រៅពីនោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សហការជាមួយ ស.ស.យ.ក ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបានដឹកនាំដោយលោក មួង ធី អភិបាលស្រុកឱរ៉ាល់ ក៏បានចែកអាកុល ដើម្បីទុកជូនដល់ប្រជាពលរដ្ឋក្នុងការលាងសម្អាតដៃសម្រាប់បង្ការនៃការឆ្លងជំងឺកូវីដ១៩។ បន្ថែមពីនេះទៀត ក្រុមការងារទាំងអស់ក៏បានចែកជូន ថ្នាំពេទ្យ រួមនិងការពិនិត្យព្យាបាលដោយឥតគិតថ្លៃ ដូចជាជំងឺសន្លាក់ឆ្អឹង, ក្រពះ និងជំងឺផ្លូវចិត្ត ក្នុងន័យលើកកម្ពស់វិស័យសុខាភិបាលមួយកម្រិតផងដែរ។
ជាងនេះទៅទៀត ក្រុមការងារគ្រូពេទ្យ និងស.ស.យ.ក ទាំងអស់ ក៏បានចែកជូននំប៉័ង និងទឹកបរិសុទ្ធជូនប្រជាពលរដ្នចំនួន៣៦ខ្នងផ្ទះ សរុបមានចំនួន១៨១នាក់។
ក្រៅពីការផ្សព្វផ្សាយជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងក្រុមការងារ ស.ស.យ.ក ស្រុកឱរ៉ាល់ ក៏បានពាំនាំសម្ភារមួយចំនួន ដែលអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តវ័យក្មេងមណ្ឌលកំពង់ស្ពឺ ដែលរួមមានដូចជា៖
១៖ ម៉ាស៊ីនវាស់កំដៅ១គ្រឿង សម្រាប់ប្រើប្រាស់នៅសាលាស្រុកឱរ៉ាល់
២៖ ម៉ាស៊ីនវាស់កំដៅចំនួន១គ្រឿង សម្រាប់ប្រើនៅរដ្ឋបាល ឃុំរស្មីសាមគ្គី
៣៖ ទឹកអាកុល៣ធុងធំ ចំណុះ៩០លីត្រ
៤៖ ទឹកអាកុល និងដបបាញ់ធំចំនួន១០ដប
៥៖ ទឹកអាកុល និងដបបាញ់តូចចំនួន៤០ដប
៦៖ មី១០កេស
៧៖ សាប៊ូ១០០ដុំ
៨៖ ម៉ាស់ចំនួន២០០
៩៖ ក្រដាស់រូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ និងវិធីទប់ស្កាត់កូវីត១៩ ចំនួន ១០០សន្លឹក។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជានាពេលបច្ចុប្បន្នមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុប១២២នាក់ ខណៈមានអ្នកជាសះស្បើយកើនឡើងដល់១១៧នាក់ហើយ នៅសល់តែ៥នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល៕