(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធាន ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តសៀមរាប និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងសៀមរាប បាននាំយកអង្ករ១តោន និងថវិកា៤លានរៀល ជូនដល់ប្រធានគណៈកម្មាធិការ នៃគណបក្សសង្កាត់ជ្រាវ ក្រុងសៀមរាប សម្រាប់ផ្តល់ជូនបន្តដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងរយៈពេលដែលយើងទាំងអស់គ្នា រួមគ្នាការពារបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19 នៅក្នុងប្រទេស។
ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូននេះ សម្រាប់ប្រើប្រាស់បម្រើឲ្យសកម្មភាពនានា ទាំងការងារផ្សព្វផ្សាយអប់រំ ពីវិធានការ បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 និងការងារសង្គមជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់នៅមូលដ្ឋាន ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលទោះជាក្នុងកាលៈទេសៈណាក៏ដោយ មិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ រស់នៅដោយអត់ស្បៀង ឬអាហារសម្រាប់ បរិភោគនោះឡើយ។
ជាមួយគ្នានេះផងដែរ លោក ឃឹម ប៊ុនសុង ក៏បានជំរុញឲ្យក្រុមងារការគណបក្សសង្កាត់ ត្រូវបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន អំពីការធ្វើអនាម័យជាប្រចាំ ដោយលាងសម្អាតឲ្យបានញឹកញាប់ ចេញក្រៅត្រូវពាក់ម៉ាស់ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕