(ព្រះវិហារ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បានបន្ដចុះពិនិត្យ សកម្មភាពផលិត និងកែច្នៃគ្រាប់ស្វាយចន្ទី របស់ក្រុមហ៊ុន សានតាណា អាហ្គ្រោប្រដាក់ (SANTANA) នៅភូមិជីអោក ឃុំរម្យណី ស្រុករវាង ខេត្តព្រះវិហារ។
នាយកក្រុមហ៊ុនលោក អ៊ុន គឹមសាន បានរាយការណ៍ជូនលោករដ្ឋមន្រ្តី វេង សាខុន ជ្រាបថា ក្រុមហ៊ុនធ្វើការអភិវឌ្ឍដំណាំស្វាយចន្ទីច្រើនឆ្នាំមកហើយ លើផ្ទៃដីចំនួន៨៥០ហិកតា ហើយបច្ចុប្បន្នប្រមូលផល បានលើផ្ទៃដី២៥០ហិកតា ប្រើពូជ M23 ផ្តល់ទិន្នផលបាន៤-៥តោន ក្នុង១ហិកតា (បរិមាណផលអាស្រ័យទៅតាមរដូវកាល និងអាយុប្រមូលផល)។
លោកបន្ដថា នៅឆ្នាំ២០១៧ ចាប់ផ្តើមសាងសង់រោងចក្រកែច្នៃ វេចខ្ចប់ នាំចេញទៅកាន់ទីផ្សារចិនធំជាងគេ មានទីផ្សារអឺរ៉ុប កូរ៉េខាងត្បូងផងដែរ។ រោងចក្រអាចធ្វើការកែច្នៃបាន១០តោន ក្នុង១ថ្ងៃ មានលទ្ធភាពហាលសម្ងួតបាន៣៥តោន ដោយប្រើកម្លាំងពលកម្ម១២០នាក់ (ភាគច្រើនជាស្រ្តី)។ មួយចំនួនធំ នៃបរិមាណផលគ្រាប់ស្វាយចន្ទី ក្រុមហ៊ុនប្រមូលទិញ ពី៣៥សហគមន៍នៅទូទាំងខេត្តព្រះវិហារ។
លោកបន្តថា ទិសដៅអនាគតចង់ពង្រីកផ្ទៃដីដាំដុះ ឲ្យដល់១,០០០ហិកតា ត្រូវការផលស្រស់ ១០,៥០០តោនក្នុង១ឆ្នាំ ដើម្បីផលិតផលិតផលសម្រេចឲ្យបាន ៣,០០០តោនក្នុង១ឆ្នាំ។ ក្រៅពីផលិតផលស្វាយចន្ទី ក្រុមហ៊ុនគ្រោងនឹងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ ដើម្បីនាំចេញនៅឆ្នាំ២០២១ ផងដែរ។
បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីមានតម្លៃ៤,៥០០រៀល ក្នុង១គីឡួ ប៉ុន្តែមុនសម័យកូវីដ-១៩ តម្លៃ៦៥០០ ទៅ៧០០០រៀលក្នុង១គីឡូ។ គិតជាមធ្យមចំណូលប្រចាំឆ្នាំ ក្នុង១ហិកតាបាន២,០០០ដុល្លារ (អាស្រ័យលើពូជ គុណភាព និងទីផ្សារ)។
លោកនាយកក្រុមហ៊ុន ក៏បានជម្រាបលោករដ្ឋមន្រ្តី វេង សាខុន អំពីបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាតម្លៃអគ្គិសនី ការដឹកជញ្ជូន និងបែបបទរដ្ឋបាលមួយចំនួន។
លោករដ្ឋមន្ត្រី វេង សាខុន បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រុមហ៊ុនដែលបានដាក់ទុនវិនិយោគ ធ្វើការអភិវឌ្ឍវិស័យផលិតកម្មស្វាយចន្ទី តាំងពីចំណុចចាប់ផ្តើម រហូតដល់ផលិតផលសម្រេច ដើម្បីនាំចេញស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចរបស់ក្រសួងក្នុងការ អភិវឌ្ឍបែបខ្សែច្រវាក់ផលិតកម្មពេញលេញ គ្រប់ជ្រុងជ្រោយពី A to Z ក្នុងបំណងប្រើប្រាស់វត្ថុធាតុដើម ក្នុងស្រុកឲ្យអស់លទ្ធភាព សេវាកម្ម បង្កើតការងារ បង្កើនតម្លៃបន្ថែម ជម្រុញការនាំចេញ បង្កើតស្តង់ដារ និងធានាគុណភាព ដើម្បីធ្វើការប្រកួតប្រជែង និងបង្ហាញទីផ្សារអន្តរជាតិថា ជាផលិតផលកម្ពុជា។
ទាំងនេះ គឺជាឆន្ទៈរបស់ក្រសួងដូច្នេះក្រៅពីសមិទ្ធផល ដែលក្រុមហ៊ុនសម្រេចបាន លោករដ្ឋមន្ត្រី វេង សាខុន បានផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួនទៀត ដើម្បីពង្រីកសក្តានុពលផលិត កែច្នៃ និងបង្កើនបរិមាណនាំចេញ ដោយត្រូវធ្វើផលិតកម្មកសិកម្ម តាមកិច្ចសន្យាជាមួយសហគមន៍ផលិត ដោយត្រូវសហការ ជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ ត្រូវខិតខំស្វែងរកប្រភពឥណទាន ពីធនាគារអភិវឌ្ឍអាស៊ី ធនាគារពិភពលោក ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម -ល- ដើម្បីពង្រីកសមត្ថភាពផលិតនាពេលអនាគត៕