(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហោះសារអរគុណដល់រដ្ឋាភិបាលចិន (មិត្តចិន) ដែលតែងតែជួយដល់កម្ពុជា គ្រប់កាលៈទេសៈទាំងអស់ ពិសេសនៅពេលកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សារថ្លែងអំណរគុណតាមរយៈ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នេះធ្វើឡើងបន្ទាប់ពីនៅព្រឹកនេះ ក្រសួងការពារជាតិកម្ពុជា ទទួលបានសម្ភារពេទ្យសម្រាប់ទប់ស្កាត់វីរុស COVID-19 ដែលជាជំនួយរបស់ក្រសួងការពារជាតិរបស់ប្រទេសចិន ចំនួន១១មុខ ទម្ងន់ប្រមាណ១៦តោន មានតម្លៃប្រមាណ១លានដុល្លារ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា «អរគុណមិត្តចិនជាអនេក។ ជានិច្ចជាកាល មិត្តចិនតែងតែយកចិត្តទុកដាក់ ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។
ក្រៅអំពីជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលមិត្តចិនបានជួយកម្ពុជាកន្លងមក នៅពេលនេះ គឺមិត្តចិនបានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារៈ និងឧបករណ៍ប្រដាប់ប្រដារប្រើប្រាស់ជាច្រើន សម្រាប់ប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។ កម្ពុជាសូមអរគុណមិត្តចិន នឹងសូមចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់តែល្អរឹងមាំដូចដែកថែប»៕