(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០វេលាម៉ោង៩ព្រឹក ក្រសួងការពារជាតិកម្ពុជា ទទួលបានសម្ភារពេទ្យ សម្រាប់ទប់ស្កាត់វីរុស COVID-19 ដែលជាជំនួយរបស់ក្រសួងការពារជាតិរបស់ប្រទេសចិន ចំនួន១១មុខ ទម្ងន់ប្រមាណ១៦តោន មានតម្លៃប្រមាណ១លានដុល្លារ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ពិធីប្រគល់ និងទទួលសម្ភារពេទ្យទប់ស្កាត់វីរុស COVID-19 នេះ បានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ចំណែកភាគីចិន តំណាងដោយអនុពន្ធ័យោធាប្រចាំកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP)។
គួរជម្រាបថា នេះជាលើកទី២ហើយ ដែលក្រសួងការពារជាតិប្រទេសចិន បានប្រគល់សម្ភារពេទ្យសម្រាប់ទប់ស្កាត់វីរុស COVID-19 ដល់ក្រសួងការពារជាតិកម្ពុជា។ ការប្រគល់លើកទី១ សម្ភារសម្រាប់ការពារ ទប់ស្កាត់វីរុស COVID-19 មានទម្ងន់ជាង ២តោន។
សូមបញ្ជាក់ថា នាពេលកន្លងមក នៅពេលប្រទេសចិន ជួបការលំបាកដោយសារការរីករាលដាលជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល ក្រសួងការពារជាតិកម្ពុជា បានជួយឧបត្ថម្ភជាសម្ភារៈ បរិក្ខារពេទ្យ និងគាំទ្រយ៉ាងពេញទំហឹងជូនដល់មិត្តចិន រហូតមកដល់ពេលនេះ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅប្រទេសចិន ទទួលលទ្ធផលគួរជាទីមោទនៈ ដូចនេះប្រទេសចិននឹងមកជួយដោះស្រាយជាមួយមិត្តកម្ពុជាវិញ តាមរយៈការជួយឧបត្ថម្ភជាសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មួយចំនួនធំ និងបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រស៊ីវិល និងកងទ័ពមកជួយផងដែរ៕