(ភ្នំពេញ)៖ ១ប្រកួតបើកឆាក ស្វាគមន៍ឆ្នាំថ្មី២០១៦ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជួបក្រុមក្នុងទ្វីបអាស៊ី ដូចគ្នា ម៉ាល់ឌីវ (Maldives) នាម៉ោង ៣៖៤៥នាទីរសៀលនេះ (ម៉ោងនៅកម្ពុជា) ក្នុងទឹកដីកណ្តាលប្រទេសបង់ក្លាដេស នៃព្រឹត្តិការណ៍ពានរង្វាន់ Bangabandhu Gold Cup ដែលមាន៨ប្រទេសចូលរួម ។
សូមបញ្ជាក់ដែរថា នេះជា១ប្រកួតដំបូងផ្លូវការដើមឆ្នាំថ្មី២០១៦ ក្រោយពីប្រកួតចាញ់ក្រុមជម្រើសជាតិជប៉ុន ២-០ នៅអូឡាំពិក នៃវគ្គជម្រុះ World Cup 2018 នាថ្ងៃទី១៧ វិច្ឆិកា តែជម្រើសជាតិបានលេងឈ្នះមិត្តភាពជាតិ២ប្រកួតជាប់គ្នា មុនទៅបង់ក្លាដេស ដោយឈ្នះក្រុមស្វាយរៀង ១-០ មុនមកឈ្នះក្រុមក្រសួងការពារជាតិ ៤-០ ។
លោក Lee Tae Hoon ប្ដេជ្ញាចិត្តដឹកនាំក្រុមជម្រើសជាតិកម្ពុជា ស្វែងរកជ័យជម្នះនៅបង់ក្លាដេស សម្រាប់ការប្រកួត បើកឆាកឆ្នាំថ្មី និងក្នុងនាមជាគ្រូបង្វឹក ដែលចុះកិច្ចសន្យាដឹកនាំក្រុមជម្រើសជាតិ ១រដូវកាលទៀត សម្រាប់ឆ្នាំ២០១៥-២០១៦ ។ ប៉ុន្ដែលោកសោកស្ដាយ ដែលអវត្តមានកីឡាសំខាន់ៗមួយចំនួន ។
កម្មវិធីប្រកួតនៅបង់ក្លាដេសត្រូវបានផ្លាស់ប្ដូរ៖ ជម្រើសជាតិចេញដំណើរទៅនៅថ្ងៃទី០៩ មករា ឆ្នាំ២០១៦ វិញ ដោយប្រកួតបើកឆាក កម្ពុជា ត្រូវប៉ះក្រុមជម្រើសជាតិម៉ាល់ឌីវ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦, ប៉ះក្រុមបារ៉ែន នៅថ្ងៃទី១៣ ខែមករា និងចុងក្រោយជួប ក្រុមម្ចាស់ផ្ទះបង់ក្លាដេស ដែលជាការប្រកួតបញ្ចប់ពូល B ៕