(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយថ្នាក់ដឹកនាំ អស់លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងអនុសាខាក្រុង ស្រុក បានបន្តនាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង និងជនពិការតាមខ្នងផ្ទះ នៅសង្កាត់ប៉ាលហាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារនិងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ប្រាក់ សុវណ្ណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង។
ជាមួយនោះលោកអភិបាលខេត្តបានណែនាំប្រជាពលរដ្ឋ ត្រូវមានការយល់ដឹងអំពីវិធីបង្ការ ការពារ ការរាតត្បាតនៃជម្ងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក និងវិធានការ ដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក សម្រាប់បងប្អូនពលករ ពលការីនី ដែលទើបនឹងត្រឡប់មកពីបរទេស និងការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវជាប់ជាប្រចាំដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរាតត្បាត នៃជម្ងឺកូវីដ១៩នេះ។
ទន្ទឹមនិងនោះលោក ប្រាក់ សុវណ្ណ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ការថែរក្សាសុខភាព ពិសេសលោកយាយ លោកតា សូមការពារខ្លួនពីជំងឺកូវីដ១៩ និងសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយអំពីវិធានការការពារ អប់រំការធ្វើអនាម័យ ការពារជំងឺឆ្លងដែលក្រសួងសុខាភិបាលបានប្រកាស ជូនបងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ លោកប្រាក់ សុវណ្ណ បានបន្តនាំអំណោយមនុស្សធម៍របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រតាមខ្នងផ្ទះរួមមាន ចែកជូនប្រជាពលរដ្ឋនៅសង្កាត់ប៉ាលហាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារនិងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រៅពីអំណោយដែលជាគ្រឿងឧបភោគ បរិភោគនិងសម្ភារប្រើប្រាស់ លោកអភិបាលខេត្តក៏បានចែកខិតបណ្ណ័ សារអប់រំណែនាំពីជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋ សម្រាប់បិទតាមផ្ទះផងដែរ៕