(ឧត្តរមានជ័យ)៖ អំណោយជាម៉ាសចំនួន ៣០.០០០ម៉ាស និងទឹកលាងដៃសម្លាប់មេរោគចំនួន ២៤០ដប ត្រូវបានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឧបត្ថម្ភដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីចូលរួមប្រឆាំងជំងឺកូវីដ១៩ (COVID-19)។
ពិធីប្រគល់ និងទទួលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងផ្លុង-ស្មាច់ ក្នុងខេត្តត្បូងឃ្មុំ។
លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តឧត្តរមានជ័យ តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងអំណរគុណ ដល់ប្រជាជនខេត្តតៃនិញ ដែលបានចូលរួមចែករំលែក និងចូលរួមជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ គាំទ្រដល់ការងារប្រយុទ្ធប្រឆាំង នឹងការរីករាលដាលកូវីដ១៩។
លោកចាត់ទុកថា នេះជាកាយវិការប្រកបដោយសប្បុរសធម៌ និងបង្ហាញឲ្យឃើញពីសាមគ្គីភាព មិត្តភាព រវាងខេត្តទាំងពីរ (ឧត្តរមានជ័យ -តៃនិញ) ជួយគ្នាក្នុងគ្រាលំបាក ហើយសម្ភារទាំងនេះផងដែរ រដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់ បម្រើឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩៕