(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហើបពីគម្រោងប្រមូលផ្តុំ ក្រុមអ្នកទេពកោសល្យបច្ចេកវិទ្យាឌីជីថលវ័យក្មេង (Digital Talent) ដើម្បីឱ្យពួកគាត់ធ្វើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ បម្រើដល់ស្ថាប័នរដ្ឋ វិស័យអប់រំ និងសហគមន៍ជំនួញ។
ការបង្ហើបពីគម្រោងនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារតាមវីដេអូនៃសន្និសីទ (Video Conference) ជាមួយលោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុនស្មាត អាស្យាតា (Smart)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងប្រៃសណីយ៍ បានដកស្រង់សំដីរបស់ លោករដ្ឋមន្ត្រីបានលើកឡើងថា «ដើម្បីជាកម្លាំងចលករបន្ថែម ក្នុងការនាំយកកម្ពុជា ចូលទៅក្នុងយុគ្គសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ ពីគម្រោងប្រមូលផ្តុំក្រុមអ្នកទេពកោសល្យបច្ចេកវិទ្យាឌីជីថលវ័យក្មេង (Digital Talent) ដែលមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ឱ្យពួកគាត់ធ្វើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗបម្រើដល់ស្ថាប័នរដ្ឋ វិស័យអប់រំ និងសហគមន៍ជំនួញ»។
ក្នុងជំនួបនោះ លោក Thomas Hundt បានជម្រាបជូនលោករដ្ឋមន្ត្រី អំពីសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុនស្មាត អាស្យាតា នៅកម្ពុជាជាងមួយទស្សវត្សកន្លងមកនេះ ដោយក្រុមហ៊ុនបានបង្កើនទុនវិនិយោគ ជាបន្តបន្ទាប់ដើម្បីនាំយកបច្ចេកវិទ្យាថ្មីៗ ជូនដល់អ្នកប្រើប្រាស់ក៏ដូចជា ដើម្បីបន្តចូលរួមចំណែកអភិវឌ្ឍកម្ពុជា។ លោកនាយកប្រតិបត្តិ ក៏បានបញ្ជាក់អំពីគុណតម្លៃរបស់ក្រុមហ៊ុន ដោយផ្តោតលើតម្លាភាព និងនិរន្តរភាព ព្រមទាំងការបេជ្ញាចិត្តគាំទ្រ ដល់កំណែទម្រង់ថ្មីៗរបស់ក្រសួង។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ក្រុមហ៊ុនស្មាត អាស្យាតា និងប្រតិបត្តិករមួយចំនួនទៀត ដែលបានចូលរួមយ៉ាងសកម្មជាមួយគំនិតផ្តួចផ្តើមនានា របស់ក្រសួង និងរាជរដ្ឋាភិបាលក្នុងការ ចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺកូវីដ ១៩។
លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនក្រុមហ៊ុន អំពីការងារអាទិភាពរបស់ក្រសួង ក្នុងការរៀបចំ និងអនុវត្តន៍ក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល ក៏ដូចជាការគ្រោងដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគន៍ឥតខ្សែជំនាន់ទី៥ (5G) និងសេវាអនឡាញផ្សេងៗ តាមរយៈការអភិវឌ្ឍប្រកប ដោយភាពវៃឆ្លាតនូវហេដ្ឋារចនាសម្ព័ន្ធទូរគមនាគន៍ ដើម្បីជាមូលដ្ឋានរឹងមាំមួយ ក្នុងការកាត់បន្ថយគន្លាតឌីជីថល, និងការលើកកម្ពស់ភាព ប្រកួតប្រជែងជាតិជាដើម៕