(កំពង់ស្ពឺ)៖ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងមិនឲ្យកែឆ្នៃម៉ូតូ ឬយាន្តផ្សេងទៀត នាំឲ្យខុសលក្ខណៈបច្ចេកទេសឡើយ! លោក តាប់ លន ស្នងការរងខេត្តកំពង់ស្ពឺ បានថ្លែងបែបនេះ គ្រាដែលលោកបានជួបជាអាណាព្យាបាល និងជាម្ចាស់ម៉ូតូកែច្នៃខុសទ្រុងទ្រាយដើម ចំនួន១៩គ្រឿង បានទទួលយកម៉ូតូទាំងនោះ នាព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២០ នៅប៉ុស្តិ៍រដ្ឋបាលស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោក តាប់ លន ស្នងការរងទទួលបន្ទុកការងារសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក បានលើកឡើងថា សូមឲ្យអាណាព្យាបាលគ្រប់រូប ត្រូវខិតខំអប់រំណែនាំ ឲ្យកូនចៅ ប្រព្រឹត្តអំពើល្អ មិនត្រូវបង្កភ័យខ្លាចដល់អ្នកដទៃ ជាពិសេសរំខានដល់ការ រស់នៅរបស់អ្នកដទៃ ខណៈពេលធ្វើដំណើររួមគ្នា លើផ្លូវសាធារណៈ។ ដោយម្ចាស់ម៉ូតូ មិនត្រូវដាក់ស៊ីម៉ាំងលឺខ្លាំង ខុសពីទ្រង់ទ្រាយដើម ជាហេតុធ្វើឲ្យរំខានធ្ងន់ធ្ងរ ដល់ដំណេកអ្នករស់នៅក្បែរផ្លូវជាតិ បង្កចលាចលសង្គមខូចសណ្ដាប់ធ្នាប់សាធារណៈ -ល-។
លោកបានសង្កត់ធ្ងន់ថា គ្រប់ម៉ូតូត្រូវមានកញ្ចក់ស្លាកលេខ ហើយរាល់ពេលបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពជាប្រចាំ មិនត្រូវបើកបរក្នុងស្ថានភាពគ្រោះថ្នាក់ មិនត្រូវវ៉ាជេង ឬប្រណាំងគ្នាលេងតាមផ្លូវសាធារណៈ ដោយពុំបានគិតពីការបុកប៉ះទង្គិច ជាមួយអ្នកធ្វើដំណើរផ្សេងទៀតនោះឡើយ ហើយធ្វើឲ្យគ្រោះថ្នាក់ ដល់អ្នកដទៃដោយមិនដឹងខ្លួនផងដែរ។
នៅចំពោះមុខអាជ្ញាធរ ជាចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាល និងអភិបាលក្រុង និងអាណាព្យាបាល ព្រមទាំងម្ចាស់ម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេសទាំងអស់នោះ លោក តាប់ លន ស្នងការរងខេត្ត និងលោក ហុក ម៉ាឌី អភិបាលក្រុងច្បារមន បានប្ដេជ្ញារួមគ្នាថា ម៉ូតូដែលប្រគល់ជូនថ្ងៃនេះ ក៏ដូចជាម៉ូតូផ្សេងទៀត បើលើកក្រោយទៀត កម្លាំងលោកចាប់ឃាត់បាន ក្នុងករណីដូចគ្នានេះ និងពិន័យធ្ងន់ធ្ងរ ដើម្បីឲ្យរាងចាល រួចបន្តធ្វើកិច្ចសន្យាជាលើកទី២ មុននិងអនុញ្ញាតឲ្យយកម៉ូតូ ខុសលក្ខណៈបច្ចេកទេសទាំងអស់នេះ ទៅប្រើប្រាស់វិញ។
គួរបញ្ជាក់ថា ម្ចាស់ម៉ូតូទាំង១៩គ្រឿង ក្រោយពីសមត្ថកិច្ចបានឃាត់ទុកមួយរយៈរួចមក ក៏អាជ្ញាធរអនុញ្ញាតឲ្យយកត្រឡប់ទៅប្រើប្រាស់វិញ លុះត្រាតែម្ចាស់ម៉ូតូទាំងអស់នោះ ធ្វើការដោះដូរ និងបំពាក់គ្រឿងដើម តាមប្រភេទម៉ូតូនីមួយៗផងដែរ៕