(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៣ទៀត សរុបទុនវិនិយោគ១៣លានដុល្លារ ដែលអាចបង្កើតការងារ ជាច្រើនពាន់កន្លែង។
តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃនេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនចំនួន២ ដូចខាងក្រោម៖
* ទី១៖ ក្រុមហ៊ុន Mountain Moon Millwork Co., Ltd. គម្រោងបង្កើតរោងចក្រផលិតស៊ុមទ្វារ បង្អួច ក្តារបន្ទះ ក្តារប៉ាកេរ គ្រឿងតុបតែងធ្វើអំពីបន្ទះឈើ, មានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, មានទុនវិនិយោគចំនួន១លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន៤២០កន្លែង។
* ទី២៖ ក្រុមហ៊ុន Lodi Pet Products (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតចំណីសត្វចិញ្ចឹម និងសម្ភារសម្រាប់សត្វចិញ្ចឹម, មានទីតាំងស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន២.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១០៥កន្លែង។
ដោយឡែកតាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុនមួយទៀត គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុន៖
ទី៣៖ ក្រុមហ៊ុន NEWPROKIN (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ, មានទីតាំងវិនិយោគស្ថិតនៅភូមិអូរនាងហ៊ីង ឃុំត្រាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៩.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២,៨៧៧កន្លែង៕