(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកនេះបានជូនពរដល់សមាជិក និងអ្នកគាំទ្រទាំងអស់ ឱ្យមានសេចក្តីសុខ និងរីកចម្រើន បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បើកសន្និបាតគណៈកម្មាធិការកណ្តាលរយៈពេល២ថ្ងៃរួចមក ដោយលទ្ធផលនៃសន្និបាទនេះ បានពិភាក្សា និងអនុម័ត នូវឯកសារដ៏សំខាន់ៗជាច្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។
នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «សូមអរគុណ មន្ត្រីថ្នាក់ដឹកនាំបក្សគ្រប់រូប ដែលបានចូលរួមសន្និបាតបក្ស២ថ្ងៃកន្លងមកនេះ។ ការពិភាក្សា និងការអនុម័ត នូវឯកសារដ៏មានសារសំខាន់នេះ បង្ហាញពីការទទួលខុសត្រូវ ក្នុងឋានៈជាបក្សកាន់អំណាច ដែលត្រូវគិតគូរគ្រប់ជ្រុងជ្រោយ និងគ្រប់បញ្ហាដែលជាផលប្រយោជន៍របស់ជាតិ និងប្រជាជនយើង»។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែនថា «សូមជូនពរបងប្អូនថ្នាក់ដឹកនាំបក្សគ្រប់ថ្នាក់សមាជិក សមាជិការបក្សគ្រប់រូប និងបងប្អូនដែលបានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើន។ មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព និងការអភិវឌ្ឍ»។
សូមបញ្ជាក់ថា សន្និបាតរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឡើងរយ:ពេល២ថ្ងៃ នៅថ្ងៃទី៩-១០ ខែមករា កន្លងទៅនេះ នៅកោះពេជ្រដោយមានអ្នកចូលរួមប្រមាណ១៥០០នាក់៕