(ភ្នំពេញ)៖ បុរសជនសង្ស័យ២នាក់ សង្ស័យចេញដើរប្រព្រឹត្តបទល្មើសចំថ្ងៃស៊យ ត្រូវបាននគរបាលប្រទះឃើញ និងឃាត់ខ្លួនត្រួតពិនិត្យនៅចំណុចផ្លូវ៤៣២ កែង១២៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន ដោយបានរកឃើញកាំភ្លើងខ្លីមួយដើម រួចក៏ចាប់វាយខ្នោះយកមកសាកសួរនាំ។
ជនសង្ស័យទី១៖ ឈ្មោះ សុខ ជា ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ មុខរបរ រត់ម៉ូតូឌុប។ ទី២៖ ឈ្មោះ សួន រ៉ាសុី ស្នាក់នៅបឹងកក់ ខណ្ឌដូនពេញ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជាមួយគ្នានេះដែរសម្ថកិច្ចបានដកហូតនូវសម្ភារមានដូចជា អាវុធខ្លី ១ដើម ម៉ាក K54 មានគ្រាប់ ៧គ្រាប់ ដែកសំរាប់កាច់កម៉ូតូ ៦ដើម និងម៉ូតូម៉ាកស្មាសវី ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1BL-9230 និងកាបូបពណ៍ខ្មៅសំរាប់ដាក់អាវុធខ្លី និងឧបករណ៍សំរាប់ កាច់កម៉ូតូ។
លោក ផន អូន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌ បានអោយដឹងថា មុនកើតហេតុតាមលោក យិន សាន អធិការបញ្ជាអោយបញ្ចេញកម្លាំងដឹកនាំសហប៉ុស្តិ៍ដើម្បីល្បាតបង្ការបទល្មើសផ្សេងៗក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញបុរស២នាក់ជិះម៉ូតូម៉ាកស៊ុយសូគីស្មាសវី ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BL-9230ដោយមានការសង្ស័យឃាត់ត្រួតពិនិត្យហើយរកឃើញអាវុធខ្លីម៉ាកK54 ដែលមានគ្រាប់ចំនួន៧គ្រាប់ រកឃើញនៅលើខ្លួនជនសង្ស័យឈ្មោះ សុខ ជា លាក់ក្នុងកាបូបស្ពាយពណ៍ខ្មៅហើយនាំខ្លួនមកសាកសួរនាំនៅអធិការដ្ឋាន។
ក្នុងនោះជនសង្ស័យទាំង២នាក់សារភាពថា ខ្លួនដាច់លុយចាយហើយក៏បបួលគ្នាដើរលួចកាច់កម៉ូតូប្រជាពលរដ្ឋណាដែលទុកប្រហែសតែចំថ្ងៃស៊យ មិនទាន់បានលួចផងក៏ត្រូឲបាននគរបាលឃាត់តែម្ដង។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នជនសង្ស័យទាំង២រូប ត្រូវបានកសាងសំណុំរឿងបញ្ជូលទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕