(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ទៅលើអង្គារមិនមែនរដ្ឋាភិបាល និងសមាគមមួយចំនួន ដែលពុំបានចុះបញ្ជី ឬកិច្ចព្រមព្រៀងត្រឹមត្រូវតាមច្បាប់ ហើយកំពុងធ្វើសកម្មភាពអនាធិបតេយ្យក្នុងតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងបរិស្ថាន បានចាត់ទុកការធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យក្នុងតំបន់ការពារធម្មជាតិ របស់អង្គារ សមាគមទាំងនេះ គឺជាសកម្មភាពបំពានលើច្បាប់យ៉ាងគឃ្លើន ដោយជ្រកក្រោមស្លាកជាអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ គឺជាចេតនាទុច្ចរិតក្នុងការធ្វើវិទ្ធង្សនាប្រឆាំងនឹងរាជរដ្ឋាភិបាលលើការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិតែប៉ុណ្ណោះ។
ក្នុងសេចក្តីថ្លែងការណ៍នេះ ក្រសួងបានសង្កត់ធ្ងន់ថា ចំពោះអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមណា ដែលនៅតែបន្តបំពានធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ និងខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានគ្មានជម្រើសអ្វីក្រៅពីការអនុវត្តវិធានការច្បាប់។ ជាពិសេសច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីទប់ស្កាត់ និងបញ្ឈប់សកម្មភាពបែបនេះទេ។
តាមរយៈសេចក្តីថ្លែងការណ៍នេះ ក្រសួងក៏បានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយតាមដានពិនិត្យ និងចាត់វិធានការតាមច្បាប់ ទៅលើអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមណាដែលធ្វើសកម្មភាពដោយមិនមានច្បាប់ត្រឹមត្រូវ។
បើទោះបីជាយ៉ាងណា ក្រសួងបរិស្ថាន ក៏បានអំពាវនាវឱ្យអង្គការមិនមែនរដ្ឋាភិបាល ឬសមាគម នានា ដែលបាននិងកំពុងធ្វើសកម្មភាពដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ បញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់ ដើម្បីចៀសវាងការប្រឈមមុខដាក់គ្នាតាមផ្លូវច្បាប់។
ក្រសួងក៏សូមអំពាវនាវ ព្រមទាំងលើកទឹកចិត្តឱ្យអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សមាគម ដៃគូអភិវឌ្ឍន៍ និងសហគមន៍ មូលដ្ឋានទាំងអស់ ដែលមានទឹកចិត្តស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ ផ្តល់កិច្ចសហការឱ្យបាន កាន់តែជិតស្និទ្ធ និងខ្លាំងក្លាបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាព និងសកម្មភាពការពារ និងអភិរក្ស ធនធានធម្មជាតិដ៏មានតម្លៃរបស់យើងសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។
ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្រសួងគ្មានផលប្រយោជន៍អ្វីទៅប្រឆាំងនឹងអ្នកស្រឡាញ់ និងចូលរួមការពារធនធានធម្មជាតិឡើយ ប៉ុន្តែតម្រូវឱ្យទាំងអស់គ្នាគោរពច្បាប់ជាធរមាន និងធ្វើសកម្មភាពស្របតាមច្បាប់កំណត់ និងដោយក្តីស្មោះត្រង់ក្នុងភាពជាដៃគូ ដើម្បីរួមកម្លាំងគ្នាថែរក្សាធនធានធម្មជាតិកម្ពុជាឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។
ក្រសួងប្រកាសថា ក្រសួងសូមស្វាគមន៍អង្គការមិនមែនរដ្ឋាភិបាល ឬសមាគម ដែលបានចុះបញ្ជី និងកិច្ចព្រមព្រៀងត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ ឱ្យចូលរួមក្នុងការងារ ការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងការងារលើកស្ទួយជីវភាពរស់នៅ របស់ប្រជាសហគមន៍ដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ ដើម្បីបុព្វហេតុសម្បត្តិធម្មជាតិ របស់យើងទាំងអស់គ្នា។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលរួមមាន៖ តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ សរុបចំនួន ៦០ កន្លែង គ្របដណ្តប់លើផ្ទៃដី ប្រមាណជាង ៧,២ លានហិកាតា ស្មើប្រមាណ ៤១% នៃផ្ទៃដីសរុបរបស់ព្រះរាជាណាចក្រកម្ពុជា។
មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានចំនួន ១២៦០នាក់ ឈរជើងនៅតាមតំបន់ការពារធម្មជាតិនីមួយៗ បាននិងកំពុងធ្វើសកម្មភាពល្បាត ការពារ និងអភិរក្សធនធានធម្មជាតិ ដោយមានការចូលរួម និងកិច្ចសហការល្អពីសំណាក់អាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍ មូលដ្ឋានពាក់ព័ន្ធទាំងយប់ទាំងថ្ងៃ។
ទន្ទឹមនឹងនេះដែរ ក្រសួងបរិស្ថានបាននិងកំពុងពង្រឹង និងពង្រីកកិច្ចសហការជាមួយអង្គការ មិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សមាគម ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាននានា ដើម្បី លើកកម្ពស់ប្រសិទ្ធភាពការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ក៏ដូចជាជំរុញការងារ កំណត់ និងបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំប្រទល់ ការរៀបចំផែនការគ្រប់គ្រង និងការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីឧទ្យានុរក្ស និងការលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋានផងដែរ៕