Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេចក្តីជូនដំណឹង៖ មានជនខិលខូចមួយចំនួនយក Logo របស់អង្គភាព Fresh News ទៅប្រើប្រាស់ធ្វើឲ្យមន្រ្តី និងសាធារណជនមានការភ័ន្តច្រឡំ (Video inside)

24-04-2020 16:58

(ភ្នំពេញ)៖ មួយរយៈកន្លងមកនេះ មានជនខិលខូចមួយចំនួន បានយកស្លាក (ឡូហ្គោ) របស់អង្គភាពព័ត៌មាន Fresh News ទៅដាក់ជាស្លាក (ឡូហ្គោ) នៅលើប្រព័ន្ធទំនាក់ទំនង Telegram, WhatsApp, Facebook, Massenger របស់ខ្លួនរួចហើយផ្ញើសារតាមប្រព័ន្ធទំនាក់ទំនងខាងលើនេះ ទៅកាន់ថ្នាក់ដឹកនាំ មន្ត្រីអាជ្ញាធរ សមត្ថកិច្ចជាប្រធានស្ថាប័ន ឬអង្គភាពមួយចំនួន ដើម្បីរាយការណ៍ពីព័ត៌មាន និងភាពមិនប្រក្រតីរបស់មន្ត្រីថ្នាក់ក្រោម ដើម្បីបង្កឲ្យមានការភ័ន្តច្រឡំ រួចហើយជនទាំងអស់នោះងាយស្រួល ទាញយកប្រយោជន៍ផ្ទាល់ខ្លួន។

ជាក់ស្ដែង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ មានជនមិនស្គាល់មុខបានប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង WhatsApp មានឡូហ្គោ (FN) ផ្ញើសារទៅកាន់ ស្នងការនគរបាលខេត្តកណ្ដាល រាយការណ៍ពីបទល្មើសល្បែងស៊ីសងបើកលេងនៅភូមិអន្លុងស្លែង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាលជាដើម។ ក្នុងនោះកន្លងមកលេខទូរស័ព្ទដដែលនេះក៏បានប្រើឡូហ្គោ FN ផ្ញើសារតាម WhatsApp ទៅកាន់អធិការនគរបាលខណ្ឌពោធ៌សែនជ័យ និងអធិការនគរបាល ខណ្ឌច្បារអំពៅដើម្បីរាយការណ៍ពីទីតាំងល្បែងស៊ីសងផងដែរដើម្បីបង្ក ឲ្យមានការភ័ន្តច្រឡំ ហើយទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។

អង្គភាពព័ត៌មាន Fresh News សូមធ្វើការប្រកាសជាសាធារណៈថាគ្មានភ្នាក់ងារ ឬបុគ្គលិករូបណាត្រូវបានអនុញ្ញាត ឲ្យយកឡូហ្គោ (FN) របស់អង្គភាពទៅដាក់ នៅលើប្រព័ន្ធទំនាក់ទំនងដូចជា Telegram, WhatsApp, Facebook, Messenger ជាលក្ខណៈផ្ទាល់ខ្លួននោះឡើយ។

សកម្មភាពរបស់ជនខិលខូចខាងលើនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាពព័ត៌មាន Fresh News យ៉ាងខ្លាំង ហើយក៏មានមន្ត្រីអាជ្ញាធរ សមត្ថកិច្ចមួយចំនួន ជាពិសេសអ្នករកស៊ីខុសច្បាប់តែម្ដងបានចាញ់បោកជនខិលខូចទាំងអស់នោះជាបន្តបន្ទាប់។ ដូច្នេះជនទាំងឡាយណាដែលតែងតែយកឈ្មោះ ឬប្រើប្រាស់ឡូហ្គោរបស់អង្គភាពព័ត៌មាន Fresh News ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ ជៀសវាងប្រឈមមុខនឹងផ្លូវច្បាប់៕