Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនសង្ស័យម្នាក់ប្រើឧបករណ៍នេសាទខុសច្បាប់ ត្រូវបានចាប់ខ្លួន

24-04-2020 16:55

(ស្ទឹងត្រែង)៖ ជនសង្ស័យប្រើឧបករណ៍នេសាទខុសច្បាប់ម្នាក់ ត្រូវបានកម្លាំងសហគមន៍នេសាទ សហការជាមួយឆ្នាំទន្លេកោះសំពាយចុះឃាត់ខ្លួន កាលពីវេលាម៉ោង ៩៖៣០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចដងទន្លេមេគង្គ ស្ថិតក្នុងភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

យោងតាមលោក អឿន សាវឿន ឆ្មាំទន្លេប៉ុស្តិ៍កោះសំពាយ បានឲ្យដឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះថា កម្លាំងរបស់លោក រួមជាមួយប្រជាសហគមន៍នេសាទ បានចុះល្បាតតាមដងទន្លេមេគង្គជារៀងរាល់យប់ តែនៅយប់ខាងលើបានប្រទះជនសង្ស័យចំនួន ២ទូក កំពុងធ្វើសកម្មភាពឆក់ត្រីដោយខុសច្បាប់។ កម្លាំងរបស់លោក បានបើកទូកប្រដេញចាប់បាន១ទូក ចំណែក ១ទូកទៀត បានរត់គេចបាត់ស្រមោល។

លោកឆ្មាំទន្លេ បានបន្តថា «ក្រោយការឃាត់ខ្លួនយើងបានដកហូតទូកស្មាច់១, ម៉ាស៉ីន១គ្រឿង, ម៉ាស៊ីនកម្លាំង២០សេស ១គ្រឿង, អាគុយ៧០, អំពែចំនួន២, ដុំឆក់ត្រជាក់១, ថ្នងដងត្រី១, ខ្សែកាបឆក់ត្រជាក់ប្រវែង ៣ម៉ែត្រមួយខ្សែ, និងបាននាំខ្លួនជនសង្ស័យមកប្រគល់ឱ្យជំនាញជលផលធ្វើការសាកសួរ»។

លោក អឿន សាវឿន បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងរបស់លោកចាប់ខ្លួនមានឈ្មោះញ៉ឺ រស្មី ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ ជនសង្ស័យប្រើឧបករណ៍នេសាទខុសច្បាប់ បានឆ្លើយសារភាពចំពោះសមត្ថកិច្ចជលផលថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសខុសច្បាប់ពិតប្រាកដមែន។

នៅរសៀលថ្ងៃទី២៤ ខែមេសានេះ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញជលផលកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការខេត្តស្ទឹងត្រែង ដើម្បីចាត់ការទៅតាមនីតិវិធី៕