(ព្រះសីហនុ)៖ ដោយប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ចំនួន៧៣២រូប បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សប្រចាំខែផ្ទាល់ខ្លួន ចំនួន១២៦,៩៩០,០០០រៀល ជូនដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធាន។
សូមបញ្ជាក់ថា ដើម្បីរួមចំណែកជួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មានសប្បុរសជនជាច្រើន បានរួមគ្នាបរិច្ចាគថវិកាជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមកដល់ពេលនេះថវិកាសប្បុរសជនជួយនោះមានជាង១៣លានដុល្លារអាមេរិកហើយ។
ក្រៅពីថវិការបស់សប្បុរសជន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សមាជិក សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានសម្រេចបរិច្ចាគប្រាក់បៀវត្សជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ ដើម្បីធ្វើប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ១០ ក៏ដូចជាដោះស្រាយបញ្ហានានាបង្កដោយជំងឺនេះ៕