(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ សម តារា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ចំនួន៥៤គ្រួសារ។
ក្នុងឱកាសចុះជួបសំណេះសំណាលនោះ លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លង និងការរីករាលដាលជំងឺកូវីដ១៩ ដោយត្រូវថែរក្សាអនាម័យគ្រប់ៗក្រុមគ្រួសារ ហើយត្រូវគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល សារាចរណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា។
នាយឧត្តមសេនីយ៍ សម តារា ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក និងនាំយកអំណោយរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលក្នុងមួយគ្រួសារទទួលបានអង្ករ១៥គីឡូក្រាម ទឹកក្រូច១យួរ សាប៊ូ ទឹកអាកុល ម៉ាស និងថវិកា១ម៉ឺនរៀល៕