(ភ្នំពេញ)៖ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ដ្រីជាន់ខ្ពស់ បន្ទប់ភ្នំពេញវេនរសៀល នៃសាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយលោក ហៃ ច័ន្ទភារិទ្ធ បានរៀបចំពិធីចែកទឹកអាល់កុល ម៉ាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនអ្នកធាក់ស៉ីក្លូ និងជនពិការដែលប្រកបមុខរបរចាប់សរសៃ ដើម្បីចូលរួមទប់ស្កាត់ និងការពារជំងឺ COVID-19។
ពិធីនារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ត្រូវបានធ្វើឡើងនៅមុខសាលាភូមិន្ទរដ្ឋបាល ក្រោមប្រធានបទ «យើងរួមគ្នា ប្រឆាំងមេរោគ COVID-19»។ ក្នុងឱកាសនោះ ក្រុមកម្មសិក្សាការីក៏បានចាក់ផ្សព្វផ្សាយនូវសារប្រឆាំងជំងឺ COVID-19 របស់ក្រសួងសុខាភិបាល និងអប់រំអំពីវិធីធ្វើអនាម័យប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ហៃ ច័ន្ទភារិទ្ធ ក្នុងនាមកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ បន្ទប់ភ្នំពេញវេនរសៀល បានលើកឡើងថា សកម្មភាពមនុស្សធម៌នៅថ្ងៃនេះ គឺធ្វើឡើងដើម្បីស្របតាមអនុសាសន៍របស់ប្រមុខនៃរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណារួមគ្នាចូលរួមទប់ស្កាត់ និងបង្ការជំងឺ COVID-19 ដែលកំពុងរីករាលដាលនៅទូទាំងពិភពលោក។
លោក ហៃ ច័ន្ទភារិទ្ធ បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលកម្ពុជាប្រឈមជាមួយជំងឺ COVID-19 នេះ លោកយល់ឃើញថា ជនពិការដែលប្រកបមុខរបរជាអ្នកចាប់សរសៃ ក៏រងនូវផលប៉ះពាល់ផងដែរ ដោយសារតែការផ្អាកអាជីវកម្ម ដូច្នេះហើយសកម្មភាពនៅថ្ងៃនេះ ដើម្បីចូលរួមរំលែកទុក្ខលំបាករបស់ពួកគាត់។
លោកបានថ្លែងយ៉ាងដូច្នេះថា «សកម្មភាពនៃការចែកសម្ភារការពារជំងឺ COVID-19 របស់ក្រុមកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ បន្ទប់ភ្នំពេញវេនរសៀល ជូនសមាគមធាក់ស៉ីក្លូ និងជនពិការប្រកបរបរចាប់សរសៃនេះ គឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ និងការពារជំងឺ COVID-19 ដែលកំពុងតែរីករាលដាលនៅទូទាំងពិភពលោក»។
តំណាងកម្មសិក្សាការីរូបនេះ ក៏បានស្នើឲ្យបងប្អូនអ្នករកស៊ីរត់ស៊ីក្លូ បងប្អូនពិការប្រកបរបរចាប់សរសៃ កម្មករសំណង់ ម៉ូតូឌុប ចូលរួមធ្វើអនាម័យឲ្យបានញឹកញាប់ ដោយលាងសម្អាតដៃនឹងសាប៊ូឲ្យបានទៀងទាត់ និងពាក់ម៉ាស់ជាប្រចាំ ដើម្បីថែរក្សានូវសុខភាពឲ្យបានល្អប្រសើរ ពោលគឺការពារប្រសើរ ជាងព្យាបាល គឺត្រូវតែស្អាត មានអនាម័យជានិច្ច និងគោរពអនុវត្តន៍វិធានការបស់រដ្ឋាភិបាលកម្ពុជា «ដើម្បីការពារខ្លួនយើង ក៏ដូចក្រុមគ្រួសារយើង»។
លោក ហៃ ច័ន្ទភារិទ្ធ បានបន្ដទៀតថា អំណោយមនុស្សធម៌ ដែលរួមមាន ទឹកអាល់កុល, ម៉ាស់ និងឃីតជំនួយ (អង្ករ៥គីឡូក្រាម, ក្រមា១, ទឹកត្រី១ដប, ទឹកស៉ីអ៉ីវ១ដប, សាប៊ូ១ដុំ, មីមួយកេស និងថវិកាមួយចំនួន) គឺជាការចូលរួមចំណែកនូវទឹកចិត្ត របស់កម្មសិក្សាការីវគ្គវិក្រឹត្យការ មន្ត្រីជាន់ខ្ពស់ បន្ទប់ភ្នំពេញវេនរសៀល។
បន្ទាប់ពីសកម្មភាអប់រំពីហានិភ័យការឆ្លង ជំងឺកូវីដ១៩ ជាមួយនឹងការជូនឃីតជំនួយ ដល់បងប្អូនខ្វះខាតរួចមក កម្មសិក្សាការីវគ្គវិក្រឹត្យការ មន្ត្រីជាន់ខ្ពស់ បន្ទប់ភ្នំពេញវេនរសៀល បានចុះធ្វើការងារហត្ថកម្មដូចជា ការជំរះខ្មៅ បោសសំអាត ចាំង កាត់ស្មៅសំអាតទីធ្លាសាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមចលនាទីក្រុងស្អាត សាលារៀនស្អាត អនាម័យឲ្យបានញឹកញាប់ដើម្បីសុខភាពយើង។
សូមជម្រាបថា ក្នុងឱកាសធ្វើសកម្មភាពអប់រំពីវិធីកាត់បន្ថយហានិភ័យការឆ្លងជំងឺ COVID-19 នោះ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ បានពន្យល់ជម្រាបដល់ប្រជាពលរដ្ឋដែលចូលរួមថា តាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល វិធីកាត់បន្ថយហានិភ័យការឆ្លង ជំងឺ COVID-19 ត្រូវអនុវត្តដូចខាងក្រោម៖
*ទី១៖ លាងដៃឲ្យបានញឹកញាប់ជាមួយ សាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
*ទី២៖ ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬ កណ្តាស់ដោយប្រើកែងដៃ ឬក្រដាសអនាម័យរួចបោះចោល ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
*ទី៣៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្តៅ ក្អក ឬផ្តាសាយ
*ទី៤៖ ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
*ទី៥៖ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
*ទី៦៖ ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហាញថា នៅថ្ងៃនេះមិនមានករណីឆ្លងជំងឺ COVID-19 ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១០នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺ COVID-19 មានសរុបចំនួន១២នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕