(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យមន្ត្រីការងារបច្ចេករបស់ក្រសួងតាមដានឱ្យបានដានដិតដល់ចំពោះក្រុមហ៊ុនដែលអនុវត្តន៍គម្រោងសាងសង់ទាំងឡាយនៅកម្ពុជា។ លោកបានថ្លែងថា ការតាមដានឱ្យបានដិតដល់ពីសំណាក់ ក្រុមការងារបច្ចេកទេសរបស់ក្រសួង គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ជំរុញឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសអនុវត្តគម្រោងបានត្រឹមត្រូវតាមសៀវភៅបន្ទុកសំដៅរក្សាបានគុណភាពផ្លូវថ្នល់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួង ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល និងខេត្តតាកែវ មន្ត្រីគ្រប់គ្រងគម្រោងនិងមន្ត្រីអនុវត្តគម្រោងផ្ទាល់របស់ក្រសួងជាច្រើនរូបផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ទៀតថា គ្រប់គម្រោងដែលកំពុងអនុវត្តក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានកិច្ចប្រជុំប្រចាំខែឱ្យបានទៀងទាត់ ដើម្បីពិនិត្យឱ្យបានជាប្រចាំនូវវឌ្ឍនភាពគម្រោង បញ្ហាប្រឈម និងដំណោះស្រាយ សំដៅឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគុណភាព។
លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនប្រឹក្សាបច្ចេកទេសត្រូវរាយការណ៍មកក្រសួង អំពីសកម្មភាពរបស់ក្រុមហ៊ុនសាងសង់ ដើម្បីរកនីតិវិធីដោះស្រាយឱ្យ បានទាន់ពេលវេលា ក្នុងគោលបំណងឱ្យគម្រោងទាំងនោះប្រព្រឹត្តទៅ និងបញ្ចប់តាមកិច្ចសន្យា។
លោក ស៊ុន ចាន់ថុល បានលើកទឹកចិត្តឱ្យមន្ត្រីអនុវត្តគម្រោងផ្ទាល់តាមដានការសាងសង់ និងការផ្ដល់បច្ចេកទេសរបស់ក្រុមហ៊ុនប្រឹក្សាបច្ចេកទេស និងហ៊ាន និយាយថាខុស ប្រសិនបើការសាងសង់នោះខុសនឹងលក្ខណៈបច្ចេកទេស ឬខុសពីកិច្ចសន្យា ដោយហេតុថាវាជាផ្លូវរបស់យើងទាំងអស់គ្នាប្រសិនបើការសាងសង់ មិនមានគុណភាពនោះវាគឺជាបន្ទុករបស់យើង និងជាការខ្ជះខ្ជាយថវិកាជាតិផងដែរ។
សូមបញ្ជាក់ជូនថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC។
កំណាត់ផ្លូវទាំងពីរខ្សែនេះសាងសង់ឡើងដោយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ចាប់ពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២៕