(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញទទួលយកអំណោយនិងថវិកាមួយចំនួន ពីសមាគមពាណិជ្ជកម្មចិន ឆោសាន ដឹកនាំដោយលោក តាំង លាក់ហាវ ប្រធានសមាគម និងជាទីប្រឹក្សានៃសភាពាណិជ្ជកម្មខេត្តស្វាយរៀង ដើម្បីចូលរួមឧបត្ថម្ភដល់ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុងខេត្តស្វាយរៀង។
លោក ម៉ែន វិបុល បានអរគុណចំពោះលោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្ត និងលោក តាំង លាក់ហាវ ដែលបានចូលរួមបរិច្ចាគនូវអំណោយ និងថវិការផ្ទាល់ខ្លួន ផ្តល់ឱ្យរដ្ឋបាលខេត្តសម្រាប់គាំទ្រ ដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលនេះសបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែក ទៅលើការជួយគ្នាក្នុងគ្រាលំបាក។
អភិបាលខេត្តបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា រួមមានយុទ្ធនាកាផ្សព្វផ្សាយ អប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រួមទាំងការងារមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតស្របតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់ថា ក្នុងកាលៈទេសៈណាក៏ដោយ មិនត្រូវឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រស់នៅដោយអត់ស្បៀង ឬអាហារសម្រាប់បរិភោគនោះឡើយ។
សូមបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តស្វាយរៀង ទទួលបានពីសមាគមន៍ពាណិជ្ជកម្មចិន ឆោសាន រួមមាន៖ ទឹកសុទ្ធ១០០កេស, សាប៊ូម្សៅ៣០កេស, ម៉ាស ១០,០០០សន្លឹក, ក្រម៉ា៥០០ និងថវិកាមួយចំនួនទៀតផងដែរ៕