(ឧត្តរមានជ័យ)៖ គ្រោះធម្មជាតិខ្យល់កន្រ្តាក់លាយឡំផ្គរន្ទះបាញ់ បានសម្លាប់បុរសម្នាក់ និងកូន ៣នាក់ បានសន្លប់ស្តូកស្តឹង ដោយឡែកផ្ទះចំនួន ៦ខ្នងបានរងនូវការរបើកដំបូល។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិដីក្រហម និងភូមិអូរចាប់ត្រី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុផ្ទៃមេឃមានសភាពខ្មៅអ័ព្ទមានផ្គរន្ទះលាយឡំ និងខ្យល់កន្ត្រាក់យ៉ាងខ្លាំង។ ក្នុងហេតុការណ៍នេះ បណ្តាលឱ្យបុរសម្នាក់បានស្លាប់ និងកូន ៣នាក់សន្លប់ ដោយផ្ទះប្រជាពលរដ្ឋចំនួន ៦ខ្នងទៀត បានរងនូវការរបើកដំបូល។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់មានឈ្មោះ វិញ ធួង ភេទប្រុស អាយុ៤២ឆ្នាំ និងកូន៣នាក់សន្លប់។ ចំពោះប្រជាពលរដ្ឋ ៦គ្រួសារ ដែលរងគ្រោះដោយរបើកដំបូលផ្ទះនោះ ពុំមានគ្រោះថ្នាក់អ្វីដល់រាងកាយនោះទេ៕