(ឧត្តរមានជ័យ)៖ ឈរលើស្មារតីផ្សារភ្ជាប់សុខទុក្ខជាមួយអតីតយុទ្ធជន លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តែងតែធ្វើសកម្មភាពជាប់ជាប្រចាំជាមួយអតីតយុទ្ធជន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជនឱ្យបានល្អប្រសើរ។
នៅថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ គន់ គីម អមដំណើរដោយអភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ពីការរស់នៅ និងការរៀបចំបង្កបង្កើនផលក្នុងរដូវវស្សារបស់អតីតយុទ្ធជននៅភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
នៅចំពោះមុខអតីតយុទ្ធជននោះ លោកទេសរដ្ឋមន្ត្រី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះអតីតយុទ្ធជនរស់នៅតំបន់នោះ។ លោកទេសរដ្ឋមន្ត្រី បានថ្លែងទៅកាន់អតីតយុទ្ធជនថា ទោះក្នុងកាលៈទេសៈណាក៏ដោយសម្តេចតេជោ តែងតែគិតគូរជាប់ជានិច្ចពីទុក្ខលំបាក របស់អតីតយុទ្ធជន ដែលសុទ្ធសឹងជាអ្នកមានគុណបំណាច់សម្រាប់ជាតិមាតុភូមិ។
ក្រៅពីរំលឹកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតហើយនោះ លោកទេសរដ្ឋមន្ត្រី អញ្ជើញត្រួតពិនិត្យពីការភ្ជួររាស់ត្រៀមដាំដុះដំណាំផ្សេងៗរបស់អតីតយុទ្ធជននៅក្នុងរដូវវស្សាផងដែរ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកទឹកចិត្ត និងជំរុញឱ្យអតីតយុទ្ធជនប្រឹងប្រែងដាំដុះលើដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាលផ្តល់ជូន ឱ្យបានច្រើន ដើម្បីរកចំណូលទ្រទ្រង់ជីវភាព។ ក្រៅពីការជំរុញឱ្យប្រឹងប្រែងដាំដុះហើយនោះ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យអតីតយុទ្ធជនឆ្លៀតចិញ្ចឹមសត្វបន្ថែម ដើម្បីទទួលបានចំណូលបន្ថែមទៀត។
បន្ទាប់ពីចុះពិនិត្យការភ្ជួររាស់រៀបចំដីហើយ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានអញ្ជើញពិនិត្យស្រះទឹកដែលអតីតយុទ្ធប្រើប្រាស់។ ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានភ្ជាប់ទូរសព្ទទៅលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជួយជីកពង្រីកស្រះទឹកនេះឱ្យកាន់តែធំ ដើម្បីរក្សាទឹកទុកសម្រាប់អតីតយុទ្ធជនប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពដំណាំ៕