(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានជួបពិភាក្សាការងារជាមួយលោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនខេម ជី អេស អឹម ខូអែល ធីឌី (Cam GSM-Cellcard) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រោមឱវាទ ក្រសួងពាក់ព័ន្ធផងដែរ។
លោក Ian Watson បានជម្រាបជូនលោករដ្ឋមន្ត្រី អំពីសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុនខេម ជី អេស អឹម ខូអែល ធីឌី ដែលជាក្រុមហ៊ុនខ្មែរដំបូង គេវិនិយោគលើវិស័យទូរគមនាគមន៍នៅកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៦មក និងបានផ្តល់សេវាកម្មទូរស័ព្ទបានល្អ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
លោក Ian Watson បានបញ្ជាក់ផងដែរអំពីការគាំទ្រដល់កំណែទម្រង់នានា របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លោករដ្ឋមន្ត្រី បានជម្រាបជូនក្រុមហ៊ុនអំពីការងារអាទិភាព របស់ក្រសួងក្នុងការរៀបចំ និងអនុវត្តន៍ក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល ក៏ដូចជាការគ្រោងដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគន៍ឥតខ្សែជំនាន់ទី៥ (5G) និងសេវាអនឡាញផ្សេងៗ តាមរយៈការអភិវឌ្ឍប្រកបដោយភាពវៃឆ្លាត នូវហេដ្ឋារចនាសម្ព័ន្ធទូរគមនាគន៍ ដើម្បីជាមូលដ្ឋានរឹងម៉ាំមួយ ក្នុងការកាត់បន្ថយគន្លាតឌីជីថល, ការលើកកម្ពស់ភាពប្រកួតប្រជែងជាតិ និងការនាំយកប្រជាជាតិខ្មែរ ចូលទៅក្នុងយុគ្គសម័យបដិវត្តន៍ឧស្សាហកម្មទី៤។
លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីឆន្ទៈខ្ពស់ ក្នុងការបំពេញភាពច្រឡោះប្រហោង ក្នុងការធ្វើនិយ័តកម្ម និងការធ្វើអធិការកិច្ចបច្ចេកទេសជាក់ស្តែង ដែលបាននាំឱ្យមានការខាតបង់ចំណូលរដ្ឋ, ការប្រកួតប្រជែងមិនស្មោះត្រង់ និងភាពគ្មានសណ្តាប់ធ្នាប់នានាកន្លងមក៕