(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា រួមជាមួយថ្នាក់ដឹកនាំនាយកដ្ឋាន បានអញ្ជើញទទួលអំណោយឧបត្ថម្ភជាសម្ភារ និងថ្នាំសំលាប់មេរោគសម្រាប់ប្រើប្រាស់ ក្នុងការការពារពីជំងឺកូវីដ-១៩ (COVID-19) ពីតំណាងក្រុមហ៊ុន ជឹង ហៃណា អ៊ិនដាស្រ្ទី ឯ.ក (ZHENGHAINA INDUSTRY CO.,LTD) នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។
សម្ភារដែលក្រុមហ៊ុនចិន បានចូលរួមឧបត្ថម្ភនេះរួមមាន៖ ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ចំនួន០១គ្រឿង ទឹកថ្នាំ ចំនួន០១តោន និងសាប៉ូ ចំនួន១៥០០ដុំ សម្រាប់ប្រើប្រាស់ក្នុងការបង្ការ ទប់ស្កាត់ទៅនឹងជំងឺកូវីដ-១៩។
លោកឧត្តមសេនីយ៍ឯក ហោ សំអាត បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូតំណាងក្រុមហ៊ុន ក្រុមហ៊ុន ជឹង ហៃណា អ៊ិនដាស្រ្ទី ឯ.ក (ZHENGHAINA INDUSTRY CO.,LTD) និងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះ អំណោយសប្បុរសធម៌ ឧបត្ថម្ភដល់នាយកដ្ឋានព័ត៌មានវិទ្យា សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលនេះ។
លោកឧត្តមសេនីយ៍ឯក បានចាត់ទុកអំណោយសប្បុរសធម៌ឧបត្ថម្ភរបស់ក្រុមហ៊ុន ជឹង ហៃណា អ៊ិនដាស្រ្ទី ឯ.ក (ZHENGHAINA INDUSTRY CO.,LTD) នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត ជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយក៏ជាការចូលរួមលើកកម្ពស់អនាម័យ ថែរក្សាសុខុមាលភាពរបស់មន្រ្តីរាជការសាធារណៈផងដែរ។
ជាងនេះទៀត លោកឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧត្តមសេនីយ៍ទោ ម៉ម ដារ៉េត អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ ដែលបានជួយសម្របសម្រួលការងារជាមួយក្រុមហ៊ុនក្នុងការនាំយកនូវជំនួយឧបត្ថម្ភទាំងអស់នេះមកកាន់ក្រសួងមហាផ្ទៃ និងលោក គិន សុជាតិ អគ្គនាយកក្រុមហ៊ុន SJ Shipping Co.,Ltd ដែលបានចូលរួមក្នុងការជួយសម្រួល និងឧបត្ថម្ភលើការដឹកជញ្ជូនសម្ភារទាំងនេះ បានទាន់ពេលវេលា៕