(ភ្នំពេញ)៖ មន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ទទួលអំណោយជាសម្ភារបរិក្ខារ គិតជាទឹកប្រាក់ប្រមាណជាង៦ពាន់ដុល្លារ សម្រាប់បម្រើឲ្យការងារឆ្លើយតបនឹងជំងឺកូវីដ១៩ ពី រ៉ូតថារី ក្លឹម ភ្នំពេញ សេនត្រល។
ពិធិប្រគល់-ទទួលនេះ រួមមានសម្ភារបរិក្ខារដូចជា៖ សម្លៀកបំពាក់ការពារសុវត្ថិភាពរបស់មន្ត្រីសុខាភិបាល និងមួក សុរបចំនួន៣០០ឈុត និងម៉ាសមួយចំនួន ។
លោក ជរ វេងងួន ប្រធាន រ៉ូតថារី ក្លឹម ភ្នំពេញ សេនត្រល បានថ្លែងថា ស្របពេលដែលការរីករាលដាលនៃជំងឺកូវីត១៩ ដែលជាការព្រួយបារម្ភជាសកលរបស់មនុស្សជាតិ សូមបរិច្ចាគដោយស្មោះអស់ពីចិត្តនូវសម្ភាសសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យ ក្នុងការជួយកាត់បន្ថយការរីករាលដាលនៃជំងឺកូវីត១៩នេះ។
លោកបន្ដថា «យើងនឹងមានគម្រោងក្នុងការជួយឧបត្ថម្ភជាបន្ដបន្ទាប់ទៀត ដល់ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យរុស្ស៊ី និងមន្ទីរពេទ្យផ្សេងៗទៀត។ ក្នុងនោះយើងមានគម្រោង នាំយកសម្ភារបរិក្ខារមួយចំនួនទៀត ជូនដល់ក្រុមគ្រូពេទ្យជួរមុខ នៅខេត្ដបាត់ដំបង និងបន្ទាយមានជ័យផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុនយើង ក៏បានចុះជួយដល់ពលរដ្ឋក្រីក្រ នៅតាមសហគមន៍ទៀតផង»។
ក្នុងឱកាសនោះ នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងថា សម្ភារនេះបានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើឱ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19) ឲ្យទទួលបានជោគជ័យកាន់តែឆាប់រហ័ស។ ជំនួយមនុស្សធម៌របស់ក្រុមហ៊ុន គឺសម្រាប់ប្រើប្រាស់ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននៃវីរុសកូវីដ១៩នេះ។
ជាពិសេសចូលរួមចំណែកពង្រឹងសមត្ថភាពឆ្លើយតបបន្ទាន់ មិនត្រឹមតែចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់ នៅពេលណាដែលមានការផ្ទុះការរាតត្បាតនៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។
លោក ក៏បានថ្លែងអំណរគុណ និងសង្ឃឹមយ៉ាងមុតមាំថា រ៉ូតថារី ក្លឹម ភ្នំពេញ សេនត្រល នឹងបន្តផ្តល់ជំនួយមនុស្សធម៌ជាបន្តបន្ទាប់ទៀត ក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីកម្ពុជាជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ ឱ្យទទួលបានជោគជ័យ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ១៩បានជាសះស្បើយសរុបចំនួន១១០នាក់ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ មានសរុបចំនួន១២នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕