(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារតូចអាយុក្រោម២ឆ្នាំ ត្រូវបានប្រើប្រាស់យន្តការអនុវត្តជាលក្ខណៈអន្តរស្ថាប័ន ដែលមានការចូលរួមពីក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក្នុងនោះនៅថ្នាក់ជាតិមានក្រសួងសង្គមកិច្ច ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច ក្រសួងផែនការ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងនៅថ្នាក់រាជធានី-ខេត្ត ។
លោកបានបន្ថែមថា ការបង្កើតកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ អាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ ដើម្បីសំដៅ ជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ពិសេសសុខភាពមាតានិងទារក ក្នុងគ្រួសារក្រីក្រផងដែរ។
លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងបែបនេះ ខណៈលោក និងលោកស្រី បានបើកវេទិការសារធារណៈ ស្ដីពីវឌ្ឍនភាពនិងយន្តការ នៃការអនុវត្តន៍កម្ម វិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងការងារអន្តរាគមន៍ជំនួយសង្គម។
កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីក្រសួងសង្គមកិច្ច មេឃុំ មេភូមិទាំង៨ឃុំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។
វេទិការសារធារណៈនេះ បានរៀបចំឡើងក្រោយពីរាជរដ្ឋាភិបាល បានផ្ទេរការអនុវត្តកម្មវិធីអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ពីក្រសួងសុខាភិបាល ទៅក្រសួងសង្គមកិច្ច ដើម្បីគ្រប់គ្រង។
ថ្លែងនាឱកាសនោះ លោក វង សូត បានឲ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារតូចអាយុក្រោម២ឆ្នាំ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ដែលចែកចេញជាពីរដំណាក់កាល។ ក្នុងនោះដំណាក់កាលទី១ ជាដំណាក់កាលអន្តរកាល ដែលប្រគល់ភារកិច្ច អនុវត្តកម្មវិធីទៅឱ្យក្រសួងសុខាភិបាល ដោយប្រើប្រាស់មូលដ្ឋានសុខាភិបាល និងដំណាក់កាលទី២ ផ្ទេរការអនុវត្តកម្មវិធី ពីក្រសួងសុខាភិបាល ទៅក្រសួងសង្គមកិច្ច ដើម្បីគ្រប់គ្រង និងអនុវត្តកម្មវិធីខាងលើចាប់ពីខែមករា ឆ្នាំ២០២០តទៅ។
រដ្ឋមន្ត្រី វង សូត ក៏បានផ្ដួចផ្ដើមបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាល ជនបង្គោលក្នុងក្របខណ្ឌឃុំទាំង៨ នៅស្រុកពញាក្រែក និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីធានាក្នុងការពង្រឹកអនុវត្តការងារឲ្យបានលឿន នឹងមានប្រសិទ្ធភាព ឲ្យស្របតាមនិតិវិធីរបស់ក្រសួងជំនាញ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល។
លោក វង សូត ក៏បានជម្រុញដល់អាជ្ញាធរភូមិ/ឃុំ ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ថែមទៀត ចំពោះសុខទុក្ខ និងតម្រូវការរបស់គ្រួសារក្រីក្រ ពិសេសត្រូវចុះដល់ខ្នងផ្ទះនិងសិក្សាថា តើគ្រួសារណាខ្លះដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីក្រុមការងារជួយពួកគាត់បានទាន់វេលា និងចំគោលដៅផងដែរ។
រដ្ឋមន្ត្រី វង សូត និងលោកស្រី បាននាំយកអំណោយជាសម្ភារ និងថវិការរបស់សម្ដេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងសម្ដេចធម្មសុទ្ធវង្សា សៅ ទី ហេង សំរិន មកប្រគល់ជូនមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ រួមមាន អាល់កុល៤០កាន ស្មើនឹង១២០០លីត្រ ម៉ាសចំនួន ៨០០០ម៉ាស និងថវិកាចំនួន៤០លានរៀល៕