(កណ្តាល)៖ នៅមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានរៀបចំពិធីទទួលអំណោយរបស់លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet's Group និង 7NG នូវរថយន្តម៉ាក NISSAN ១គ្រឿង, ទឹកសុទ្ធ៥០កេស, ភេសជ្ជៈ និងទឹកផ្លែឈើ៣០កេស, មី៣០កេស និងជែលលាងដៃ ២៥០ដប។

អំណោយរបស់ឧកញ៉ា ស្រី ចាន់ថន ដែលផ្ដល់ជូនលោកមេបញ្ជាការខេត្តកណ្តាលខាងលើនេះ គឺដើម្បីបម្រើផលប្រយោជន៍រួម របស់អង្គភាពក្នុងការកាត់បន្ថយ នៃការរីករាលដាល នៃជំងឺកូវីដ១៩ (COVID-19) និងក្នុងការបំពេញបេសកកម្មនានា តាមភារកិច្ចចាំបាច់របស់អង្គភាពផងដែរ។

ពិធីប្រគល់ និងទទួលនេះ មានការអញ្ជើញចូលរួម ជាអធិបតីភាពពីសំណាក់ លោកមេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តកណ្តាល ជំនួសមុខលោកឧត្តមសេនីយ៍មេបញ្ជាការ លោកឧកញ៉ា ស្រី ចាន់ថន, លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្ដាល និងលោកមេបញ្ជាការ កងរាជអាវុធហត្ថស្រុកផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកមេបញ្ជាការរងខេត្ត ជំនួសមុខលោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងអំណរអរគុណ និងជូនពរយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកឧកញ៉ា និងសហការី ឲ្យជួបតែសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច៕