(ភ្នំពេញ)៖ ដោយយោងតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវខិតខំធ្វើការដាំដុះ ជំរុញផលិតកម្មកសិកម្ម រួមមានការចិញ្ចឹមសត្វ ផលិតស្រូវ និងដំណាំ ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ ឲ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក ហើយឆ្លៀតយកឱកាសនេះ ត្រូវបង្កើតជាកាលានុវត្តភាព សម្រាប់វិស័យកសិកម្ម ខណៈកម្ពុជាបិទការនាំចូលពីខាងក្រៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល ជំងឺឆ្លងសកលកូវីដ-១៩។
ឆ្លើយតបតាមការអំពាវនាវនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញសេចក្តីណែនាំសំខាន់ៗ និងចាំបាច់បន្ទាន់មួយចំនួន ដើម្បីបង្កើន និងពង្រឹងស្មារតីយកចិត្តទុកដាក់ លើការផលិតធានាសន្តិសុខស្បៀង ឲ្យបានគ្រប់គ្រាន់ឆ្លើយតបតាមតម្រូវការក្នុងស្រុក ក្នុងកាលៈទេសៈដែលប្រទេសជាតិ ទទួលរងនូវហានិភ័យពីកូវីដ-១៩។
ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃលើលទ្ធផល នៃការអនុវត្តសេចក្តីណែនាំនេះ នៅទីស្តីការក្រសួង នាព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោករដ្ឋមន្ត្រី វេង សាខុន បានដឹកនាំកិច្ចប្រជុំ ដើម្បីប្រមូលយកធាតុចូលសំខាន់ៗ ដែលអង្គភាពក្រោមឱវាទបាន និងកំពុងអនុវត្ត ជាពិសេសអង្គភាពសំខាន់៣ គឺអគ្គនាយកដ្ឋានកសិកម្ម (ផលិតកម្មស្រូវ និងដំណាំ) អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (ចិញ្ចឹមសត្វ) និងរដ្ឋបាលជលផល (វារីវប្បកម្ម) រួចដាក់ចេញផែនការសកម្មភាពអនុវត្តបន្ត ឲ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ ទីប្រឹក្សា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម សុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ អគ្គនាយកដ្ឋានកៅស៊ូ ប្រធានមន្ទីរទូទាំង២៥ រាជធានី-ខេត្ត និងអង្គភាពគ្រប់គ្រងគម្រោង។
ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រីបានថ្លែងហេតុជារួមជូនអង្គប្រជុំ បានជ្រាបបន្ថែមពីគោលបំណងនៃកិច្ចប្រជុំនេះ ដោយបានរំលេចអំពីឆន្ទៈរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការធានាសន្តិសុខស្បៀង បង្កើតឱកាសចាប់យកកាលានុវត្តភាព ដើម្បីបង្កើនផលិតភាពផលិតកម្មក្នុងស្រុក ធានាបរិមាណផ្គត់ផ្គង់ តាមតម្រូវការក្នុងកាលៈទេសៈបច្ចុប្បន្ន។
ត្រៀមរៀបចំលក្ខណសម្បត្តិ ឲ្យបានគ្រប់គ្រាន់ដើម្បីចាប់ផ្តើមការងារបង្កបង្កើនផល រដូវវស្សាដែលនឹងឈានចូលមកដល់ ក្នុងពេលឆាប់ៗ ហើយនាយកគ្រប់គ្រង គម្រោងទាំងអស់ត្រូវពិនិត្យឡើងវិញ លើផែនការសកម្មភាព និងកម្មវត្ថុសំខាន់ៗ ក្នុងបំណងធ្វើយ៉ាងណា ឆ្លើយតបតាមការអំពាវនាវ របស់សម្តេចតេជោ ឲ្យមានប្រសិទ្ធភាព។
ជាបន្តបន្ទាប់អង្គភាពជំនាញទាំង៣ អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលជលផល រួមទាំងអង្គភាពគ្រប់គ្រងគម្រោង បានរាយការណ៍ជូនអង្គប្រជុំ បានជ្រាបដោយសង្ខេបអំពីវឌ្ឍនភាព នៃការអនុវត្តសេចក្តីណែនាំ របស់ក្រសួងដោយបានរំលេចឲ្យឃើញពីលទ្ធផលសំខាន់ៗ ដែលសម្រេចបាន និងផែនការសកម្មភាព ដែលត្រូវអនុវត្តបន្តទាំងសម្រាប់រយៈពេលខ្លី មធ្យម និងវែង។
ក្រោយពេលបានស្តាប់របាយការណ៍ លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំអង្គភាពជំនាញ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម សម្រេចទទួលបានលទ្ធផលល្អប្រសើរ ហើយពិតណាស់ បានចូលរួមអនុវត្តអនុសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានទាន់ពេលវេលា។
ដើម្បីចូលរួមទទួលខុសត្រូវ ក្នុងការធានាសន្តិសុខស្បៀង ក្នុងបរិបទដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិកូវីដ-១៩ លោករដ្ឋមន្ត្រី វេង សាខុន ឆ្លៀតយកឱកាសនេះ ផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនបន្ថែមទៀត ក្រៅពីសេចក្តីណែនាំកន្លងមកក្នុងនោះមាន៖
ទី១៖ ក្រៅពីការធ្វើប្រពលវប្បកម្មដំណាំស្រូវ ការធ្វើពិពិធកម្មដំណាំសំខាន់ៗមួយចំនួន គួរគិតផងដែរនូវការដាំបន្លែអតិផលជុំវិញផ្ទះ និងចិញ្ចឹមសត្វ ដើម្បីបង្កើនចំណូល ធានាសន្តិសុខស្បៀង បង្កើតឱកាសការងារ និងកាត់បន្ថយផលវិបាករបស់ប្រជាជនក្នុងកាលៈទេសៈនេះ។
ទី២៖ ប្រើប្រាស់នូវនវានុវត្តន៍នៃបច្ចេកវិទ្យាថ្មីៗ ដើម្បីឲ្យកសិករអាចគ្រប់គ្រងផលិតកម្មបាន។ ប្រើប្រាស់បច្ចេកវិទ្យា ដែលប្រើប្រាស់ទឹកតិច គិតគូរអំពីហេដ្ឋា រចនាសម្ព័ន្ធ សម្រាប់ទ្រទ្រង់ក្រោយពេលប្រមូលផល (មានជម្រុក បច្ចេកទេសថែរក្សា និងការកែច្នៃជាដើម)។ រើសទីតាំងផលិតកម្មជិតប្រភពទឹក ដើម្បីរៀបចំឯកសារដាក់ជូន «មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ» ទទួលបានការអនុគ្រោះថ្លៃអគ្គិសនី សម្រាប់ការបូមទឹកនៅពេលយប់។
ទី៣៖ ជ្រើសរើសសហគមន៍ ដែលមានសក្ដានុពល និងសមត្ថភាពគ្រប់គ្រាន់ ក្នុងផលិតកម្មបន្លែក្នុងទ្រង់ទ្រាយធំ រៀបចំផែនការផលិត និងផ្គត់ផ្គង់ ឲ្យស្របតាមតម្រូវការ ទីផ្សារ។ បង្កើតបណ្ដាញទីផ្សារ ដើម្បីផ្សាភ្ជាប់អ្នកទិញ និងសហគមន៍ផលិត ក្នុងទិសដៅធ្វើឲ្យមាននិរន្តរភាព នៃការផ្គត់ផ្គង់ទីផ្សារតាមរយៈ ការអនុវត្តផលិតកម្ម កសិកម្មតាមកិច្ចសន្យា។
ទី៤៖ ដោះស្រាយឲ្យមានប្រសិទ្ធភាព នូវសេចក្តីត្រូវការទាំងឡាយ របស់ប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅទីជនបទ ដូចជា ការបណ្តុះបណ្តាលបច្ចេសកសិកម្ម ការអភិវឌ្ឍសហគមន៍ ការលើក កម្ពស់កិច្ចការដាំដុះជាលក្ខណៈគ្រួសារ ការផ្តល់គ្រាប់ពូជ ជី ការបង្កើតធនាគារស្រូវ សហគ្រាសធុនតូចផ្នែកកសិ-ឧស្សាហកម្ម និងការកែលម្អវិធីផ្សព្វផ្សាយព័ត៌មានកសិកម្ម ឲ្យដល់ភូមិ-ឃុំ។ លើកទឹកចិត្តកសិករ អ្នកចំណាកស្រុកដែលវិលមកកម្ពុជាវិញ និងកម្មករដែលបាត់បង់ការងារ ឲ្យធ្វើកសិកម្មចម្រុះ (ការចិញ្ចឹមមាន់ ត្រី និងដាំបន្លែ)។
ទី៥៖ ត្រូវជំរុញការធ្វើពហុវប្បកម្មដំណាំចម្រុះ ការធ្វើដំណាំឆ្លាស់ និងជំរុញដំណាំកសិ-ឧស្សាហ កម្មសម្រាប់ផ្គត់ផ្គង់ ការបង្កើតសិប្បកម្មតូចៗ និងឧស្សាហកម្ម នៅមូលដ្ឋាន ដើម្បីបង្កើនតម្លៃបន្ថែម និងប្រាក់ចំណូល។ ជំរុញការដាំបន្លែ និងឈើហូបផ្លែ ដើម្បីធានាការហូបចុកក្នុងស្រុក និងជាជំហានៗ ឈានទៅជំនួសបន្លែនាំចូល។ ជំរុញការចិញ្ចឹមសត្វ និងវារីវប្បកម្មតាមគ្រប់រូបភាព ជាពិសេសការប្រើប្រាស់កញ្ចប់ថវិកាហិរញ្ញប្បទានពិសេស ៥០លានដុល្លារ របស់រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ករណីនេះ អគ្គនាយកដ្ឋានពាក់ព័ន្ធ ត្រូវជួយសម្របសម្រួលធ្វើយ៉ាងណាឲ្យកសិករ និងសហគមន៍កសិកម្មអាចខ្លីប្រាក់នេះ បានយកមកប្រើ ប្រាស់ដើម្បីបង្កើនផលិតកម្មរបស់ខ្លួនកាន់តែរីកចម្រើនទ្វេរទៀត។
ទី៦៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំងអស់ ត្រូវសហការឲ្យបានសកម្ម ក្នុងការពង្រឹងរចនាសម្ព័ន្ធសហគមន៍កសិកម្ម ភ្នាក់ងារពេទ្យសត្វភូមិ សហគមន៍ព្រៃឈើ និងសហ គមន៍នេសាទ។ គ្រប់អង្គភាពត្រូវគិតគូរបន្ថែមទៀត អំពីការប្រើប្រាស់ថវិកា ឲ្យបានសមស្របទៅ តាមអាទិភាពនៃសកម្មភាព ដែលបានរៀបចំក្នុងផែនការថវិកាឆ្នាំ២០២០នេះ ក្នុងស្មារតីសន្សំសំចៃខ្ពស់។ ត្រូវត្រៀមរៀបចំលក្ខណ:សម្បត្តិ ឲ្យបានគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមការងារបង្កបង្កើនផលឆ្នាំ២០២០-២០២១ ឲ្យបានទាន់ពេលវេលា។
ទី៧៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងរដ្ឋបាលជលផល ត្រូវសហការធ្វើការជាយវិស័យឯកជន ក្នុងការផលិតចំណីសត្វ ការចិញ្ចឹមសត្វ និងត្រីធានាទាំងបរិមាណ និងគុណភាព ដើម្បីបង្កើនផលិតភាពផលិតកម្ម ជាពិសេសបង្កើនដៃគូជាមួយកសិករ។
ទី៨៖ អង្គភាពអគ្គនាកដ្ឋានទាំង៣ រួមទាំងមន្ទីរទាំង២៥ រាជធានី-ខេត្ត ត្រូវសហការទប់ស្កាត់ការនាំចូល កសិផលខុសច្បាប់ ដើម្បីការពារតម្លៃកសិផលក្នុងស្រុក និងបើកឱកាសឲ្យផលិតករក្នុងស្រុក៕