(បាត់ដំបង)៖ លោក ងួន រតន: អភិបាលខេត្តបាត់ដំបង បានថ្លែងថា ទោះបីជាខេត្តបាត់ដំបងបានព្យាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយទាំងអស់ និងត្រូវបានអនុញ្ញាត ឲ្យត្រឡប់ទៅផ្ទះវិញ អស់ហើយក៏ដោយ តែការកាពារនៅតែបន្តធ្វើនៅតាមគោលដៅដដែល ដើម្បីទប់ស្កាត់ រក្សាការពារ កុំឲ្យមានការឆ្លងរោគនេះបន្តទៀត។
ជាមួយគ្នានោះ មន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តការងារនៅតាមគោលដៅធ្វើយ៉ាងណាទប់ស្កាត់ការឆ្លងមេរោគ COVID-19 មិនឲ្យមានបន្តទៀតជាដាច់ខាត។
លោក ងួន រតន: បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោក និងលោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំស្តីពីលទ្ធផលបញ្ចប់ការជាសះស្បើយអស់ពីជំងឺ COVID-19 នៅសាលាខេត្តបាត់ដំបង។ ដោយមានការចូលរួមពីលោក អភិបាលក្រុង ស្រុក មន្រ្តីរាជការសុខាភិបាលខេត្ត កងកម្លាំង និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានឡើងរាយការណ៍លទ្ធផលការងារជំនាញនៅតាមចត្តាឡីស័ក គ្រប់គោលដៅនានាក្នុងខេត្ត ចាប់តាំងពីផ្ទុះឡើង នៃជំងឺកូវីដ១៩ នៅខេត្តបាត់ដំបងនាថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០ មកទល់ថ្ងៃចុងក្រោយទី២០ ខែមេសា ឆ្នាំ២០២០ ដែលមានអ្នកផ្ទុកជំងឺ COVID 19 ដោយបានចម្លង ពីបរទេស មានចំនួន៨នាក់នោះ ត្រូវបានជាសះស្បើយ ទាំងស្រុងអស់ហើយ។
លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានបញ្ជាក់ថា សម្រាប់ខេត្តបាត់ដំបង បានសហការគ្នាល្អតាមបទបញ្ជា និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយបានកិច្ចសហការ ផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងកងកម្លាំងគ្រប់ប្រភេទទាំងអស់ធ្វើឲ្យការគ្រប់គ្រង ទប់ស្កាត់ ការពារ ព្យាបាល បានទាន់ពេល វេលាទើបការងារនេះសម្រេចបានជោគជ័យជាស្ថាពរ។
ក្នុងឱកាសនោះដែរគណៈអធិបតី បាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ជាស័ង្កសីជិត ៣ពាន់សន្លឹក ចែកជូនដល់អភិបាល ក្រុង ស្រុក យកទៅចែកបន្ត ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្រ្តាក់នៅតាមមូលដ្ឋានរបស់ខ្លួន បន្ថែមពីនេះមានធុងបាញ់ថ្នាំ១ និងទឹកសម្លាប់មេរោគ៣ដប ម៉ាស៊ីនវាស់កម្តៅ១ ម៉ាស់៨ដុំ ជូនដល់មណ្ឌលកុមារកំព្រាចំនួន២កន្លែងផងដែរ៕