(ព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលគ្រឿងឧបភោគបរិភោគមួយចំនួន ពីសមាគមលើកកម្ពស់ការវិនិយោគចិនកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការរីក រាលដាលជំងឺឆ្លងកូវីដ១៩ (COVID-19)។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងលោក អ៊ាង ច័ន្ទលីណា និងលោក អ៊ាង រិទ្ធី តំណាងឱ្យសមាគមលើកកម្ពស់ការវិនិយោគចិនកម្ពុជា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។
គ្រឿងឧបភោគបរិភោគដែលទទួលនាឱកាសនោះរួមមាន៖ អង្ករចំនួន ១តោន ទឹកសុទ្ធអង្គរពូរ៉ូចំនួន ៤០កេស និងមីចំនួន ១០កេសធំ ដើម្បីជាលទ្ធភាពក្នុងការប្រើប្រាស់បន្តចែកដល់កម្លាំង និងប្រជាពលរដ្ឋ ដោយទឹកចិត្ត នៃការចេះជួយគ្នាក្នុងគ្រាលំបាក និងស្មារតីរួបរួមទាំងអស់គ្នា។
ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះមុខការឧបត្ថម្ភនូវគ្រឿងឧបរិភោគបរិភោគ របស់សមាគមលើកកម្ពស់ការវិនិយោគចិនកម្ពុជា ខាងលើផងដែរ៕