(កំពង់ចាម)៖ លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញ ទទួលយក អំណោយជាម៉ាស់ចំនួន ៣០,០០០ម៉ាស់ និងអាល់កុលចំនួន ១២០លីត្រ ស្មើនឹង២៤០ដប ដែលគណៈកម្មាធិការប្រជាជនខេត្តតៃនិញនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ចាម នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង-ស្មាច់ ក្នុងខេត្តត្បូងឃ្មុំ ដើម្បីចូលរួមប្រឆាំងជំងឺកូវីដ១៩។
លោក ហាន កុសល បានពាំនាំការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ខេត្តកំពង់ចាម ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចូលរួមចែករំលែក និងចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ចាម គាំទ្រដល់ការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩
នេះជាកាយវិការប្រកបដោយសប្បុរស និងបង្ហាញ ឲ្យឃើញពីសាមគ្គីភាព មិត្តភាព រវាងខេត្តទាំងពីរ (កំពង់ចាម -តៃនិញ) ជួយគ្នាក្នុងគ្រាលំបាក ហើយសម្ភារៈទាំងនេះ ផងដែរ រដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់ បម្រើឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ១៩៕