(ភ្នំពេញ)៖ កំលាំងល្បាតរបស់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួន ជនសង្ស័យ០២នាក់ ជាក់ស្តែងនៅចំណុចផ្លូវលេខ២៣០ ក្រុមទី១៨ ភូមិ៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក្រោយពីឆក់ទូរស័ព្ទដៃ របស់ជនបរទេស ប្រព្រឹត្តនៅរបងស្ថានទូតចិន ផ្លូវម៉ៅសេទុងកែងផ្លូវលេខ១៦៧ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ។
មន្រ្តីនគរបាលខណ្ឌទួលគោក បានបញ្ជាក់ថា ជនសង្ស័យទី១-ឈ្មោះ យិន ច័ន្ទរ័ត្ន ហៅត្រា អាយុ២២ឆ្នាំ មុខរបរពុំពិតប្រាកដស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យជាអ្នកឆក់ និងទី២ឈ្មោះ យី ចិត្រា ហៅភ័ណ្ឌ អាយុ២៣ឆ្នាំ មុខរបរពិតប្រាកដស្នាក់ផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ដោយឡែកជនរងគ្រោះឈ្មោះ ជូ លីមីញ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិនស្នាក់នៅ សណ្ឋាគារលែនស្កែបមុខរបរអ្នកទេសចរ។
ក្រោយការចាប់ខ្លួន កម្លាំងនគរបាលបានដកហូត ទូរស័ព្ទមួយគ្រឿងម៉ាក iPhone6 ពណ៌មាស ម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅស៊េរី២០១៦ គ្មានស្លាកលេខ។
សមត្ថកិច្ចបានរៀបរាប់ដំណើររឿងថា នៅវេលាម៉ោងប្រហែល៣ ជនរងគ្រោះបាន ជិះរ៉ឺម៉កម៉ូតូកង់បី ទៅឈប់នៅជាប់របងស្ថានទូតចិន ហើយបានចុះទាញទូរស័ព្ទមកថត ស្រាប់តែជនសង្ស័យពីរនាក់ បានជិះម៉ូតូអែប ហើយបានឆក់យក ទូរស័ព្ទបានសម្រេច ព្យាយាមជិះម៉ូតូគេចខ្លួន ដោយមានអ្នកដំណើរតាមពីក្រោយ ព្រមទាំងស្រែកចោរៗ រហូតដល់ចំណុចផ្លូវលេខ២៣០ ក្រុមទី១៨ ភូមិ៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កំលាំងល្បាត របស់អធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានស្ទាក់ឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ និងវត្ថុតាង យើងបានប្រគល់ជូនអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕