(រតនគិរី)៖ លោក ទឹម មុន្នីរ័ត្ន អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី និងលោក ងិន ណែល អភិបាលក្រុងបានលុង ព្រមទាំងមន្រ្តី ជំនាញនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុងដល់ខ្នងផ្ទះ អញ្ជើញទៅយក វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឱ្យបានគ្រប់ៗគ្នា នៅមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត រៀងរាល់ម៉ោងធ្វើការ។
លោក ទឹម មុន្នីរ័ត្ន បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិខាងលើថា ការចែកនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ គឺបានធ្វើឡើងក្រោយពីមន្ត្រី ជំនាញ របស់ការិយាល័យ សហការនិងមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសុរិយោដីខេត្ត បានចំណាយពេលវេលាក្នុងការប្រកាសតំបន់វិនិច្ឆ័យ ចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធទាំងការចុះវាស់វែងប្រមូលទិន្នន័យ ហើយមន្ត្រីជំនាញការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសុរិយោដីក្រុង និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសុរិយោដីខេត្ត បានខិតខំអនុវត្តចុះវាស់វែង ប្រមូលទិន្នន័យបំបែកក្បាលដីចុះក្នុងបញ្ជី រហូតប្រជាពលរដ្ឋទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។
ដូច្នេះសូមពុកម៉ែបងប្អូនអញ្ជើញទៅយកដោយនាំយកទៅនូវបង្កាន់ដៃក្បាលដីទៅជាមួយដើម្បីងាយស្រួលក្នុងការផ្តល់ជូន ព្រោះវិញ្ញាបនបត្រនេះវាផ្ដល់នូវសារប្រយោជន៍ ដល់ប្រជាពលរដ្ឋក្នុងការធានាភាពកក់ក្ដៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ដែលជាការសម្គាល់ភស្តុតាងមួយដើម្បីចៀសវាងពីការរំលោភបំពាន ផ្សេងៗដែរ។
ទាក់ទង និងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលលើពិភពលោក ក៏ដូចជាក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះលោក ទឹម មុន្នីរ័ត្ន ក៏បានចែកជូនម៉ាស និងផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាតដើម្បីជៀសវាង ពីជំងឺនានាជាពិសេស ត្រូវរួមគ្នាទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា៕