(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានទទួលអំណោយជាសម្ភារបរិក្ខារ សម្រាប់បម្រើឲ្យការងារឆ្លើយតបនឹងជំងឺកូវីដ១៩ ពីក្រុមហ៊ុន ឌីណាម៉ិចហ្វាម៉ា។
ពិធីប្រគល់-ទទួលសម្ភារ និងបរិក្ខារវេជ្ជសាស្រ្តនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល។
សម្ភារបរិក្ខាររួមមាន៖ សម្លៀកបំពាក់ការពារសុវត្ថិភាពរបស់មន្ត្រីសុខាភិបាល (PPE ) ចំនួន១៥០០អាវ និងឧបករណ៍វាស់កំរិត អុកស៊ីសែន Pulse Oximter ២០០គ្រឿង។
ក្នុងឱកាសនោះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងថា សម្ភារនេះបានដើរតួនាទីដ៏សំខាន់ សម្រាប់បម្រើឱ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាត នៃវីរុសកូរ៉ូណាថ្មី (COVID-19) ឲ្យទទួលបានជោគជ័យកាន់តែឆាប់រហ័ស។ ជំនួយមនុស្សធម៌របស់ក្រុមហ៊ុន ឌីណាម៉ិចហ្វាម៉ា សម្រាប់ប្រើប្រាស់ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន នៃវីរុសកូវីដ១៩នេះ។ ជាពិសេសចូលរួមចំណែកពង្រឹងសមត្ថភាព ឆ្លើយតបបន្ទាន់ មិនត្រឹមតែចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់ នៅពេលណាដែលមានការផ្ទុះការរាតត្បាតនៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់ គុណភាពជីវិត របស់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះរដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណ និងសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន ឌីណាម៉ិចហ្វាម៉ា នឹងបន្តផ្តល់ជំនួយមនុស្សធម៌ ជាបន្តបន្ទាប់ទៀត ក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីកម្ពុជាជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ ឱ្យទទួលបានជោគជ័យ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ១៩បានជាសះស្បើយសរុបចំនួន១១០នាក់ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ មានសរុបចំនួន១២នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕