(កណ្តាល)៖ ក្រុមការងារយុវជនចុះ ជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល របស់គណបក្ស ប្រជាជនកម្ពុជា បានរៀបចំការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ ថ្ងៃជ័យជំនះថ្ងៃ៧មករា រវាងក្រុម NRM យុវជនវិទ្យាល័យ កំពង់កន្តួត និងក្រុមយុវជនវិទ្យាល័យ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី១០ខែមករា ឆ្នាំ២០១៦នេះ។
ការប្រកួតកីឡាបាល់ទាត់ ជាលក្ខណៈមិត្តភាពរវាងក្រុម NRM របស់វិទ្យាល័យកំពង់កន្ទួត និងក្រុមយុវជនវិទ្យាល័យ ព្រែកស្លែងខាងលើនេះបាន ធ្វើឡើងនៅក្នុងបុរីកុមារកំព្រា កម្ពុជា-ហុងគ្រី ស្ថិតក្នុងស្រុកកណ្តាលស្ទឹងដោយមានការអញ្ជើញ ចូលរួមពីសំណាក់ក្រុមការងារ និងប្រជាពលរដ្ឋជាច្រើននាក់។
លទ្ធផលនៃការប្រកួត គឺក្រុមយុវជនវិទ្យាល័យព្រែកស្លែង បានទទួលជ័យជំនះលើ ក្រុម NRM វិទ្យាល័យកំពង់កន្ទួត ក្នុងលទ្ធផល២-០ ហើយក្រុមដែលទទួលបានជ័យជំនះ ទទួលបានថវិកាចំនួន៨០០០០០ម៊ឺនរៀលនិងក្រុមដែលចាញ់គឺបាន ទទួលការលើក ទឹកចិត្តនូវ ថវិកាចំនួន៤០០០០០ម៊ឺនរៀល។
ក្នុងនោះដែរ ក្រុមនីមួយៗ ទទួលបានសម្ភារ មួយចំនួន រួមមានខោអាវកីឡាម្នាក់ៗ មួយកំប្លេរ ព្រមទាំង បាល់ទាត់ចំនួន ៣ក្នុងមួយក្រុមៗផងដែរ។ សូមបញ្ជាក់ថា ពិធីប្រគាល់រង្វាន់នេះ បានធ្វើឡើងក្រោមអធិបតីភាពលោក យ៉ាត ទូច ប្រធានក្រុមការងារយុវជនស្រុកកណ្តាលស្ទឹង និងលោក ណុប រ័ត្ននិមល អនុប្រធានក្រុមការងារ យុវជនគណៈពង្រឹងមូលដ្ឋាន ស្រុកកណ្តាលស្ទឹង៕