(ភ្នំពេញ)៖ ជនដៃដល់ម្នាក់ក្នុងចំណោម២នាក់ ដែលប្រើដំបងឬស្សីវាយចំក្បាលបុរសម្នាក់ស្លាប់ ផ្តើមចេញពីពីទំនាស់រឿងបាត់នំសែនទេវតា ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅ សហការនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនមកសួរនាំ។
សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង នាវេលាម៉ោង១២៖០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ប៉ោ សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅមុខផ្ទះគ្មានលេខ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ជនសង្ស័យឃាត់ខ្លួន ឈ្មោះ សុង ប្រុសនាង ភេទប្រុស អាយុ៣៦ឆ្នាំ ហៅម៉ាប់ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិកើតហេតុ។ ជនសង្ស័យរត់គេចខ្លួនឈ្មោះ ឌី ជេរ អាយុ៣៥ឆ្នាំ។
លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ផឹកស្រាស្រវឹង ស្រែកជេរឡូឡា រឿងបាត់នំ នៅលើរៀនទេវតាមុខផ្ទះ (ចំណុចកើតហេតុ) រួចឈ្មោះណាង សុផល ជាអ្នករស់នៅជិតខាងគ្នា បានឆ្លើយថា គ្មានអ្នកណាលួចនំអ្ហែងទេ?
ហើយក៏មានទំនាស់ពាក្យសម្តីគ្នា បន្ទាប់មកឈ្មោះណាង សុផល ក៏ដើរចេញទៅ ពេលនោះក៏មានជនសង្ស័យ២នាក់ ឈ្មោះសុង ប្រុសនាង និងឈ្មោះ ឌីជេ (ប្តី និងប្អូនថ្លៃ ឈ្មោះ ណាង សុផល) ដែលកំពុងអង្គុយផឹកស្រានៅក្បែរនោះ បានស្រែកថា កុំឡូឡាខ្លាំងពេកថ្លង់ណាស់!។
ជនរងគ្រោះខឹង ក៏ស្ទុះទៅវាយជនសង្ស័យឈ្មោះសុង ប្រុសនាង មួយដៃចំមុខ និងយកដំបងគល់ឬស្សីវាយ ទៅលើជនសង្ស័យថែមទៀត ពេលនោះជនសង្ស័យ ឈ្មោះ សុង ប្រុសនាង ចាប់ដំបងបានវាយទៅលើជនរងគ្រោះវិញជាច្រើន ដំបងចំក្បាលបែកឈាមដួលទៅលើដី រួចជនសង្ស័យឈ្មោះឌីជេ ចូលមកវាយជនរង គ្រោះថែមទៀត រួចនាំគ្នារត់គេចខ្លួន យកដំបងគល់ឬស្សី បោះចោលក្នុងព្រៃបាត់។ បន្ទាប់មកជនរងគ្រោះ ក៏ងើបដើរទៅដេកនៅផ្ទះ។
លុះដល់ព្រឹកឡើងថ្ងៃទី១៥-០៤-២០២០ បងស្រីជនរងគ្រោះមកឃើញជនរងគ្រោះដេកសន្លប់ពុំដឹងខ្លួន ក៏នាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ រហូតដល់ម៉ោង១៤៖០០នាទី ជនរងគ្រោះទទួលមរណភាព។ លុះដល់ថ្ងៃទី២៣ ខែឆ្នាំខាងលើ កម្លាំងព្រហ្មទណ្ឌខណ្ឌ សហការជាមួយក្រុង ឃាត់បានជនសង្ស័យ។
បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួនជាបណ្ដោះអាសន្ន និងចាត់ការ បន្តតាមនីតិវិធីច្បាប់៕