(កំពង់ឆ្នាំង)៖ លោក ហម ដារាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានដឹកនាំកម្លាំងចម្រុះថ្នាក់ជាតិ និងថ្នាក់ខេត្ត មានគ្រប់អង្គភាពពាក់ពន្ធ័ អាជ្ញាធរភូមិឃុំ ចុះត្រួតពិនិត្យវាស់វែងដីជាក់ស្ដែងរបស់ក្រុមហ៊ុន ហ្គីនហ្វាម នៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ដើម្បីផ្ទៀងផ្ទាត់ជាមួយប័ណ្ណកម្មសិទ្ធិ រកឱ្យឃើញថា តើក្រុមហ៊ុនមួយនេះ គ្រប់គ្រង និងប្រើប្រាស់ដីធ្លីជាង ១ពាន់ហិកតា ស្របច្បាប់ឬបំពានច្បាប់បន្ទាប់ពីមហាជន បានរិះគន់ និងបង្ហោះព័ត៌មានលើបណ្តាញសង្គមថា ក្រុមហ៊ុនមួយនេះបានឈូសឆាយបំពានលើដីរបស់រដ្ឋ។
នៅក្នុងកិច្ចប្រជុំរបស់ក្រុមការងារចំរុះ លោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានលើកឡើងថា ក្រោយពីមានការបង្ហោះព័ត៌មានពាក់ព័ន្ធ និងដីនេះ ទើបក្រសួងបានចាត់ឱ្យក្រុមចំរុះ ចុះមកត្រួតពិនិត្យដីធ្លីរបស់ក្រុមហ៊ុន (ហ្គីនហ្វាម)នេះ ដើម្បីប្រមូលព័ត៌មានពីគ្រប់អ្នកពាក់ពន្ធ័ ឱ្យឃើញជាក់ស្តែងថា តើក្រុមហ៊ុននេះកាន់កាប់គ្រប់គ្រង និងប្រើប្រាស់ដីធ្លីស្របច្បាប់តាមបណ្ណ័កម្មសិទ្ធិ ឬបំពានយកដីរបស់រដ្ឋ ដើម្បីចំណាត់ការតាមនិតិវិធីច្បាប់។
ចំណែកលោក ព្រុំ ហួយ ប្រធានក្រុមហ៊ុន (ហ្គីនហ្វាម) ជាម្ចាស់ដីបានបញ្ជាក់ជូនក្រុមការងារចំរុះថា ដីនេះពីមុនមកជាដីក្រុមហ៊ុនរបស់ចិនឈ្មោះ (អេវើវ្លូប) វិនិយោគ ដាំដំឡូងមីចំនួន ១,១៦៨ហិកតា និងមានបណ្ណ័កម្មសិទ្ធិដែលវាស់វែងដោយក្រុមនិសិត្សក្នុងឆ្នាំ២០១៣។ ក្រោយមកក្រុមហ៊ុនបានលក់ដីនេះចំនួនជាង ៣០០ហិកតា ឱ្យក្រុមហ៊ុនចិនដូចគ្នា និងលក់ឱ្យលោកចំនួន ៨៥០ហិកតា តែលោកមិនទាន់កាត់ឈ្មោះលើបណ្ណ័កម្មសិទ្ធិនៅឡើយ។
ដោយឡែក ពេលក្រុមហ៊ុនចិនកាន់កាប់ដីនេះកន្លងមក គឺដីចំនួន២០០ហិកតា មិនទាន់ឈូសឆាយនៅឡើយ ទើបថ្មីៗនេះលោកបានឱ្យគ្រឿងចក្រ ឈូសឆាយដីនេះជាង ២០ហិកតា ជាដីស្ថិតនៅលើបណ្ណ័កម្មសិទ្ធិ គឺមិនបានឈូសឆាយបំពានយកដីរបស់រដ្ឋនោះឡើយ។
លោក ព្រុំ ហួយ ប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ទិសដៅខាងមុខក្រុមហ៊ុន មានគម្រោងដាំដំណាំផ្លែឈើគ្រប់មុខ ក្នុងនោះក៏ដាំដើមឈើឡើងវិញផងដែរមានដើមក្រញូង ដើមបេង នាងនួនជាដើម ដែលក្នុងពេលនេះលោកបានបណ្តុះកូនក្រញូងបានជាង ២លានដើមហើយ។
លោក ហម ដាតារាវុធ បានបញ្ជាក់ថា ថ្ងៃនេះបន្ទាប់ពីបានទទួលព័ត៌មានពីគ្រប់ភាគីពាក់ពន្ធ័មក ជាទិសដៅក្រុមការងារចម្រុះ និងចុះត្រួតពិនិត្យវាស់វែង យកនិយាមកាម ជាក់ស្តែង នៅលើដីដែលក្រុមហ៊ុនកំពុងកាន់កាប់គ្រប់គ្រង ដើម្បីឱ្យក្រុមហ៊ុនយកបណ្ណ័កម្មសិទ្ធមកផ្ទៀងផ្ទាត់ជាក់ស្តែង នឹងបើរកឃើញដីដែលក្រុមហ៊ុនបានបំពាន យកដីរបស់រដ្ឋនោះ សមត្ថកិច្ចជំនាញនឹងចាត់ការតាមច្បាប់។
ក្រោយពីបានប្រជុំឯកភាពគ្នាក្នុងផែនការខាងលើនេះ សមត្ថកិច្ចជំនាញរួមជាមួយក្រុមការងារ ក៏បាននាំគ្នាចុះទៅត្រួតពិនិត្យ និងចុចនិយាមកាមជាក់ស្តែងទៅ តាមព្រុំ ដែលម្ចាស់ក្រុមហ៊ុនបានចង្អុលបង្ហាញ។ ប៉ុន្តែលទ្ធផល នៃការចុះត្រួតពិនិត្យនេះ នឹងអាចដឹងនៅពេលក្រោយ នៅពេលដែលក្រុមហ៊ុនទៅសុំថតចម្លងបណ្ណ័កម្មសិទ្ធិ របស់ក្រុមហ៊ុនចិនពីមន្ទីរសុរិយោដីខេត្ត ដើម្បីយកមកផ្ទៀងផ្ទាត់៕