(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនដំណឹងអំពីការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលនឹងអនុវត្តគ្រប់ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះតទៅ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលការងារផែនចរាចរណ៍ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការត្រួតពិនិត្យការរៀបចំ អនុវត្តផែនការសកម្មភាពរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។
គួរជម្រាបថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគ្រោះថ្នាក់ និងជនរងគ្រោះ, រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក បញ្ចៀសបានកកស្ទះ ដែលធ្វើឲ្យប៉ះពាល់ និងការខាតបង់នូវអត្ថប្រយោជន៍ និងសង្គម។
លើកកម្ពស់ថែមទៀតនូវស្មារតីចូលរួមគោរពអនុវត្តច្បាប់ប្រើប្រាស់, ដាក់ចេញវិធានការដើម្បីពង្រឹងគុណភាព ក្នុងការដោះស្រាយច្បាប់ស្តីពីចរាចរណ៍, រៀបចំកម្លាំងមធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេសបម្រើប្រតិបត្តិការ។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០កន្លងទៅ បានចេញអនុក្រឹត្យថ្មីមួយ ដោយធ្វើការកែសម្រួលនូវ អនុក្រឹត្យស្តីពីការពិន័យអន្តរកាលណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។ អនុក្រឹត្យថ្មីនេះ បានកែប្រែនូវមាត្រមួយចំនួន ដូចជាមាត្រា៦ មាត្រា៧ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៣ មាត្រា១៤ និងឲមាត្រា១៥ នៃក្នុងជំពូកទី៣ ពាក់ព័ន្ធបទល្មើស និងចំនួនទឹកប្រាក់ត្រូវពិន័យ នៃអនុក្រឹត្យលេខ៤៤ អនក្រ បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧៕