(កំពត)៖ សង្វៀនជល់មាន់អាណាធិបតេយ្យមួយកន្លែង ស្ថិតក្នុងភូមិកោះគ្រឹះស្នា ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះធ្វើការបង្ក្រាប និងឃាត់ខ្លួនអ្នកញៀនល្បែង បានចំនួន០៥នាក់ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦។
មន្ត្រីអាវុធហត្ថខេត្តកំពតបានឲ្យដឹងថា ក្នុងករណីបង្ក្រាប កម្លាំងឃាត់ខ្លួនបានមនុស្ស កំពុងលេងជាក់ស្តែងចំនួន៥នាក់ ក្នុងចំណោមអ្នកលេងជាច្រើននាក់ផ្សេងទៀត ដែលបានរត់គេចខ្លួនរួច ពីកម្លាំងសមត្ថកិច្ចខាងលើ ដោយរឹបអូសបានមាន់៧ក្បាល និងម៉ូតូ២៣គ្រឿង។
បច្ចុប្បន្នជនដែលឃាត់ខ្លួនទាំង៥នាក់ កំពុងសាកសួរ និងវត្ថុតាងកំពុងរក្សាទុក នៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់៕